អ៊ុយក្រែនបដិសេធចំពោះការវាយប្រហារជនស៊ីវិល ក្រោយរុស្ស៊ីចោទថាសម្លាប់មនុស្ស ២៧នាក់នៅសណ្ឋាគារ (Video inside)

02-01-2026 20:50

(កៀវ)៖ កងទ័ពអ៊ុយក្រែនបានប្រកាសនៅថ្ងៃសុក្រ ទី២ ខែមករា នេះថា ខ្លួនវាយប្រហារតែទៅលើ «គោលដៅយោធា» ប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានចោទប្រកាន់ថា ទីក្រុងកៀវបានបាញ់ដ្រូនទៅលើសណ្ឋាគារ និងហាងកាហ្វេមួយកន្លែងនៅតំបន់ខឺសុន (Kherson) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បណ្តាលឱ្យមនុស្សស្លាប់ ២៧នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អាជ្ញាធរដែលតែងតាំងដោយរុស្ស៊ីបានអះអាងថា ជនរងគ្រោះគឺជាអ្នកចូលរួមពិធីអបអរសាទរឆ្នាំថ្មី ដោយក្នុងនោះមានកុមារពីរនាក់ផងដែរ ហើយបានហៅហេតុការណ៍នេះថាជា «អំពើភេរវកម្ម»។

ទោះជាយ៉ាងណា ប្រភពពីកងកម្លាំងការពារអ៊ុយក្រែនបានទទួលស្គាល់ថាពិតជាមានការវាយប្រហារមែន ប៉ុន្តែបានបញ្ជាក់ថាគោលដៅគឺជាការជួបជុំរបស់យោធាដែលបិទមិនឱ្យជនស៊ីវិលចូលនោះទេ។ អ្នកនាំពាក្យកងទ័ពអ៊ុយក្រែន លោក Dmytro Lykhoviy បានចោទប្រកាន់រុស្ស៊ីថាបានប្រើប្រាស់ «ព័ត៌មានមិនពិត» ជាថ្មីម្តងទៀត។

គួរបញ្ជាក់ថា ការចោទប្រកាន់គ្នាទៅវិញទៅមកនេះកើតឡើងក្នុងគ្រាដ៏សំខាន់នៃសង្គ្រាម ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបក្នុងសារឆ្នាំថ្មីថា កិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយអាមេរិក គឺសម្រេចបាន «៩០ភាគរយ» ហើយ៕