អភិបាលស្រុកទឹកឈូ ចុះសួរសុខទុក្ខវីរយុទ្ធជនជួរមុខ លោក ងួន ប៊ុនថន ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងស្រុកទឹកឈូ បន្ទាប់ពីនាំចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពត

02-01-2026 21:32

(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ផ្ដល់ជូនដល់វីរយុទ្ធជនជួរមុខទិសប្រាសាទតាក្របី លោក ងួន ប៊ុនថន អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលបានរងរបួសដោយសារផ្សែងពុល នៅពេលប្រយុទ្ធជាមួយកងទ័ពសៀមនៅទិសប្រាសាទតាក្របី នាពេលកន្លងមក។

លោកត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដោយរងរបួសដោយសារផ្សែងពុល ខណៈក្រុមគ្រូពេទ្យពិនិត្យឃើញថា ប៉ះពាល់សួត និងបេះដូង និងបន្ទាប់មកនាំទៅសម្រាកព្យាបាលនៅគេហដ្ឋាន។

ក្នុងឱកាសនោះ លោកអភិបាលស្រុកទឹកឈូ បានពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលលោកតែងតែគិតគូរអំពីសុខទុក្ខវីរយុទ្ធជនជួរមុខជានិច្ច។

លោកអភិបាលស្រុក បាននាំអំណោយ ផ្ដល់ជូនយុទ្ធជន រួមមាន៖ អង្ករ ៥០គីឡូក្រាម, ទឹកសុទ្ធ ១កេស, ទឹកសុីអីវ ១យួរ, ទឹកត្រី ១យួរ, ទឹកផ្លែឈើ ១កេស, ត្រីខ ១យួរ, ស្ករត្នាត ១គីឡូក្រាម, ប្រហុកសាច់ជ្រូក ១គីឡូក្រាម, សាច់ក្រក ១គីឡូក្រាម, និងថវិកា ៥០០,០០០រៀល (ប្រាំសែនរៀល) ដើម្បីជួយសម្រាលការលំបាកជូនដល់ក្រុមគ្រួសារវីរយុទ្ធជនជួរមុខខាងលើនេះ៕