អារ៉ាប៊ីសាអូឌីត អំពាវនាវឱ្យបណ្តាក្រុមនៅភាគខាងត្បូងយេម៉ែន ចូលរួមកិច្ចសន្ទនានៅទីក្រុងរីយ៉ាដ ចំពោះមុខការកើនឡើងជម្លោះ (Video inside)
03-01-2026 09:07
(រីយ៉ាដ)៖ នាថ្ងៃសៅរ៍នេះ ក្រសួងការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីត បានអំពាវនាវឱ្យក្រុមនានានៅភាគខាងត្បូងប្រទេសយេម៉ែន ចូលរួមក្នុងកិច្ចសន្ទនាមួយនៅទីក្រុងរីយ៉ាដ បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសយ៉ាងប្រល័យ និងការប្រកាសផែនការឆ្ពោះទៅរកឯករាជ្យដើម្បីបង្កើតរដ្ឋផ្តាច់ខ្លួននៅយេម៉ែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦។
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានបង្ហោះសារទទូចឱ្យមានការបើកសន្និសីទគ្រប់ជ្រុងជ្រោយមួយ នៅរាជធានីរីយ៉ាដរបស់ខ្លួន ដើម្បីនាំក្រុមភាគខាងត្បូងយេម៉ែនទាំងអស់ មកជួបជុំគ្នាពិភាក្សាដោយសន្តិវិធី ក្នុងគោលដៅស្វែងដំណោះស្រាយត្រឹមត្រូវយុត្តិធម៌ សម្រាប់បុព្វហេតុភាគខាងត្បូង។ ទីក្រុងរីយ៉ាដបានឱ្យដឹងថា រដ្ឋាភិបាលយេម៉ែន បានចេញការអញ្ជើញសម្រាប់កិច្ចពិភាក្សានេះហើយ។
អស់រយៈពេលជាច្រើនឆ្នាំ អារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួម បានគាំទ្រក្រុមចម្រុះផ្សេងៗ ដែលស្ថិតក្នុងទឹកដីគ្រប់គ្រងដោយរដ្ឋាភិបាលយេម៉ែន ដើម្បីអន្តរាគមន៍ក្នុងសង្រ្គាមស៉ីវិលដ៏អូសបន្លាយរបស់ប្រទេសជិតខាងមួយនេះ។ ក្នុងចំណោមក្រុមទាំងអស់នោះ គឺក្រុមមួយហៅថា Southern Transitional Council ឬ STC ដែលគាំទ្រដោយអេមីរ៉ាតអារ៉ាប់រួម កំពុងតែបង្កើនមហិច្ឆតាចង់ប្រកាសឯករាជ្យដើម្បីបង្កើតរដ្ឋផ្តាច់ខ្លួន ដែលនឹងពុះចែកប្រទេសយេម៉ែនជាពីរជាផ្លូវការ។
ក្រុម STC ដែលដណ្តើមបានទឹកដីមួយផ្នែកធំ អំឡុងពេលប៉ុន្មានសប្តាហ៍មកនេះ បានប្រកាសអំពីផែនការសម្រាប់ដំណើរការអន្តរកាលរយៈពេល២ឆ្នាំ ដើម្បីបង្កើតរដ្ឋឯករាជ្យដាច់ដោយឡែកមួយ នៅភាគខាងត្បូងយេម៉ែន។ យោងតាមការអះអាងរបស់ក្រុមផ្តាច់ខ្លួន កាលពីថ្ងៃសុក្រសប្តាហ៍នេះ ការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានសម្លាប់មនុស្ស២០នាក់។
គួរបញ្ជាក់ថា ក្រុមចម្រុះគាំទ្រដោយអារ៉ាប៊ីសាអូឌីត ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ក្នុងគោលដៅវាយបណ្តេញក្រុមឧទ្ទាម Houthi ចេញពីភាគខាងជើងយេម៉ែន។ ប៉ុន្តែក្រោយសង្រ្គាមរយៈពេលជាង១ទសវត្សរ៍មកនេះ ក្រុម Houthi នៅតែបន្តគ្រប់គ្រងភាគខាងជើងប្រទេសយេម៉ែនដដែល ខណៈក្រុមដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត និងក្រុមដែលគាំទ្រដោយអេមីរ៉ាតអារ៉ាប់រួម វាយប្រហារគ្នានៅភាគខាងត្បូង៕






