រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ថ្កោលទោសការគំរាមធ្វើអន្តរាគមន៍របស់លោក ត្រាំ ថាជាសម្តីខ្វះការប្រុងប្រយ័ត្ន និងគ្រោះថ្នាក់ (Video inside)
03-01-2026 09:40
(តេហេរ៉ង់)៖ កាលពីថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ បានថ្កោលទោសការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ថាជាទង្វើខ្វះការប្រុងប្រយ័ត្ននិងគ្រោះថ្នាក់ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហោះសារគំរាមធ្វើអន្តរាគមន៍ ដើម្បីជួយប្រជាជនអ៉ីរ៉ង់ ដែលកំពុងធ្វើបាតុកម្មនៅក្នុងសាធារណរដ្ឋអ៉ីស្លាមមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានលើកឡើងថា សាររបស់លោក ត្រាំ ទំនងជាបានរងឥទ្ធិពលពីអ្នកដែលខ្លាចការទូត ឬដែលបានយល់ច្រឡំថា ការទូតជារឿងមិនចាំបាច់ ខណៈវាជាសម្តីមួយខ្វះការប្រុងប្រយ័ត្ន និងប្រកបដោយគ្រោះថ្នាក់។ លោក Abbas បានអះអាងថា បាតុកម្មភាគច្រើន គឺមិនសូវផ្ទុះអំពើហិង្សាខ្លាំងធ្ងន់ធ្ងរទេ ហើយរូបលោក ក៏បានចង្អុលវិញទៅកាន់លោក ត្រាំ ដែលបានដាក់ពង្រាយ កងកម្លាំងឆ្មាំជាតិនៅតាមទីក្រុងអាមេរិក ដើម្បីបង្រ្កាបបាតុកម្មនាពេលកន្លងមក។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ បានបង្ហោះសារគំរាមថា សហរដ្ឋអាមេរិក ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតប ប្រសិនបើរដ្ឋាភិបាលអ៉ីរ៉ង់ ហ៊ានបង្រ្កាបយ៉ាងព្រៃផ្សៃ លើក្រុមបាតុករ។ ការធ្វើបាតុកម្មប្រឆាំងការឡើងថ្លៃទំនិញ និងបញ្ហាសេដ្ឋកិច្ច បានផ្ទុះឡើងនៅប្រទេសអ៉ីរ៉ង់ ចាប់តាំងពីចុងសប្តាហ៍មុន ហើយមកទល់ពេលនេះ មនុស្សយ៉ាងហោច៦នាក់ ត្រូវរាយការណ៍ថាបានបាត់បង់ជីវិត អំឡុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខនិងក្រុមអ្នកតវ៉ា៕






