រុស្ស៉ីវាយយកទឹកដីអ៊ុយក្រែនបានច្រើនបំផុត កាលពីក្នុងឆ្នាំ២០២៥ គិតចាប់តាំងពីឆ្នាំដំបូងនៃសង្រ្គាម (Video inside)
03-01-2026 10:31
(កៀវ)៖ កាលពីថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០២៦ ការវិភាគមួយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP បានបង្ហាញថា កាលពីក្នុងឆ្នាំ២០២៥កន្លងទៅនេះ ភាពរីកចម្រើនក្នុងសមរភូមិរបស់កងទ័ពរុស្ស៉ីនៅអ៊ុយក្រែន គឺខ្ពស់ជាងពេលណាៗទាំងអស់ លើកលែងតែឆ្នាំ២០២២ ដែលជាឆ្នាំសង្រ្គាមផ្ទុះឡើងដំបូង។
យោងតាមការវិភាគលើទិន្នន័យបានមកពីវិទ្យាស្ថាន Institute for the Study of War កងទ័ពរុស្ស៉ីវាយយកបានទឹកដីទំហំជាង៥៦០០គីឡូម៉ែតក្រឡា ឬស្មើនឹង ០.៩៤ភាគរយនៃទឹកដីទាំងអស់របស់អ៊ុយក្រែន កាលពីឆ្នាំ២០២៥។ ទំហំនេះគឺច្រើនជាង ទឹកដីដែលរុស្ស៉ីយកបានកាលពីឆ្នាំ២០២៣និង២០២៤ រួមបញ្ចូលគ្នាទៅទៀត។ យ៉ាងណាមិញ វានៅតូចជាងឆ្ងាយបើធៀបជាមួយផ្ទៃដីជាង ៦០ ០០០គីឡូម៉ែត្រក្រឡា ដែលរុស្ស៉ីបានដណ្តើមកាន់កាប់ក្នុងឆ្នាំដំបូងនៃសង្រ្គាមឈ្លានពានរបស់ខ្លួន។
គួរបញ្ជាក់ថា អ៊ុយក្រែនបានស្ថិតក្រោមសម្ពាធខ្លាំង នៅក្នុងឆ្នាំ២០២៥ ទាំងពីសំណាក់ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី និងនៅលើសមរភូមិ ជាទីដែលកងទ័ពអ៊ុយក្រែន បានដកថយជាបន្តបន្ទាប់។ ភាពរីកចម្រើនធំបំផុតរបស់រុស្ស៉ីក្នុងឆ្នាំ២០២៥ គឺកាលពីខែវិច្ឆិកា នៅពេលផ្ទៃដី៧០១គីឡូម៉ែត្រក្រឡារបស់អ៊ុយក្រែន ត្រូវវាយយកបាន៕







