លោក ហ្សេលេនស្គី ស្នើផ្លាស់ប្តូររដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន ខណៈសង្រ្គាមជាមួយរុស្ស៉ី ឆ្ពោះទៅឈានចូលឆ្នាំទី៥ (Video inside)
03-01-2026 11:29
(កៀវ)៖ កាលពីថ្ងៃសុក្រ ទី២ ខែមករា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រូបលោកមានបំណងផ្លាស់ប្តូររដ្ឋមន្រ្តីការពារជាតិ ហើយបានស្នើផ្តល់តំណែងនេះ ឱ្យទៅរដ្ឋមន្រ្តីបរិវត្តកម្មឌីជីថលបច្ចុប្បន្នរបស់លោក ដែលមានអាយុត្រឹម៣៤ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ហ្សេលេនស្គី បានប្រកាសលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូររចនាសម្ព័ន្ធ នៃក្រសួងការពារជាតិអ៊ុយក្រែន។ ខ្ញុំបានស្នើផ្តល់តំណែងជារដ្ឋមន្រ្តីការពារជាតិថ្មី ឱ្យទៅលោក Mikhailo Fedorov»។ លោក Fedorov ដែលបានកាន់តួនាទីជារដ្ឋមន្រ្តីបរិវត្តកម្មឌីជីថលរបស់លោក ហ្សេលេនស្គី ចាប់តាំងពីឆ្នាំ២០១៩មក គឺជាអ្នកនយោបាយជើងថ្មីមួយរូប និងមិនសូវត្រូវបានគេស្គាល់ទូលំទូលាយឡើយ។
លោក ហ្សេលេនស្គី បានអះអាងថា លោក Mykhailo កន្លងមកនេះ បានធ្វើការពាក់ព័ន្ធស៉ីជម្រៅក្នុងបញ្ហាទាក់ទងនឹងដ្រូន ហើយបានបំពេញការងារមានប្រសិទ្ធភាពជាខ្លាំង ក្នុងការធ្វើបរិវត្តកម្មនៃសេវាកម្មនិងដំណើរការនានារបស់រដ្ឋ។ លោកប្រធានាធិបតីអ៊ុយក្រែន មិនបានផ្តល់ហេតុផល នៃការសម្រេចចិត្តផ្លាស់ប្តូររដ្ឋមន្រ្តីការពារជាតិបែបនេះឡើយ ហើយលោកបាននិយាយថា រដ្ឋមន្រ្តីការពារជាតិបច្ចុប្បន្ន គឺលោក Denys Shmygal នឹងត្រូវផ្លាស់ទៅកាន់តួនាទីជាប្រធានដឹកនាំការងាររដ្ឋាភិបាល ក្នុងផ្នែកមួយផ្សេងទៀត ដែលមានសារសំខាន់ខ្លាំងសម្រាប់ស្ថិរភាពប្រទេស មិនក្រោមរដ្ឋមន្រ្តីការពារជាតិទេ។
គួរបញ្ជាក់ថា លោក Shmygal ទើបត្រូវបានលោក ហ្សេលេនស្គី តែងតាំងជារដ្ឋមន្រ្តីការពារជាតិ កាលពីកន្លះឆ្នាំមុនប៉ុណ្ណោះ គឺនៅខែកក្កដា ឆ្នាំ២០២៥។ មុនក្លាយជារដ្ឋមន្រ្តីការពារជាតិ លោក Shmygal មានតួនាទីជានាយករដ្ឋមន្រ្តីអ៊ុយក្រែន ចាប់តាំងពីខែមីនា ឆ្នាំ២០២០៕




