លោក ត្រាំ អញ្ជើញនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi ទៅកាន់សហរដ្ឋអាមេរិក អំឡុងដើមឆ្នាំនេះ (Video inside)

03-01-2026 14:31

(តូក្យូ)៖ អំឡុងកិច្ចសន្ទនាមួយតាមទូរសព្ទ កាលពីថ្ងៃសុក្រ ទី២ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហើយបានឯកភាពគ្នា ធ្វើការដើម្បីរៀបចំកិច្ចប្រជុំមួយ នៅអំឡុងដើមឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា លោកស្រី Takaichi និងលោក ត្រាំ បានជួបសន្ទនាគ្នាតាមទូរសព្ទរយៈពេល២៥នាទី ហើយបានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខបន្ថែមទៀត។ អំឡុងកិច្ចសន្ទនានោះ លោក ត្រាំ បានអញ្ជើញ​លោកស្រី Takaichi ធ្វើដំណើរទៅអាមេរិក ហើយមេដឹកនាំទាំងពីរ បានយល់ស្របឱ្យធ្វើការរៀបចំលម្អិត ដើម្បីសម្រេចចេញ​ទស្សនកិច្ចនោះ នៅអំឡុងនិទាឃរដូវឆ្នាំនេះ (ចន្លោះខែមីនានិងខែឧសភា)។​

គួរបញ្ជាក់ថា កន្លងមក លោក ត្រាំ បានប្រកាសថា នឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសចិន នៅក្នុងខែមេសា ឆ្នាំនេះ ស្របពេលដែល​ទីក្រុងតូក្យូនិងទីក្រុងប៉េកាំង កំពុងជាប់ផុងក្នុងជម្លោះការទូត ដោយសារតែការលើកឡើងរបស់លោកស្រី Takaichi កាលពីខែវិច្ឆិកា ឆ្នាំមុនថា ជប៉ុនអាចនឹងត្រូវធ្វើអន្តរាគមន៍យោធា ក្នុងករណីចិនវាយលុកលើកោះតៃវ៉ាន់។ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ថា លោក ត្រាំ បានណែនាំឱ្យលោកស្រី Takaichi ឈប់ដុតបញ្ឆេះភាពតានតឹង​ជាមួយចិនជុំវិញបញ្ហាតៃវ៉ាន់ អំឡុងកិច្ចសន្ទនាទូរសព្ទមួយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែទីក្រុងតូក្យូ បានច្រានចោល​សេចក្តីរាយការណ៍ព័ត៌មាននោះ៕