មន្រ្តីអាមេរិកទទួលស្គាល់ថា សហរដ្ឋអាមេរិក ពិតជាបានបើកការវាយប្រហារ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា (Video inside)

03-01-2026 16:01

(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានទទួលស្គាល់ថា សហរដ្ឋអាមេរិក ពិតជាបានបើកប្រតិបត្តិការវាយប្រហារ នៅក្នុងទឹកដីរបស់ប្រទេសវ៉េណេស៊ុយអេឡាមែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦។

មន្រ្តីអាមេរិកមួយរូប បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិក កំពុងបើកការវាយប្រហារនៅក្នុងទឹកដីវ៉េណេស៊ុយអេឡា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតជាងនេះទៀតទេ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដូចជា CBS News និង Fox News ជាដើម ក៏បានរាយការណ៍ ដោយផ្អែកលើប្រភពពី​មន្រ្តីក្នុងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ទទួលស្គាល់ដែរថា កងកម្លាំងយោធាអាមេរិក គឺជាអ្នកនៅពីក្រោយការវាយប្រហារ ដែលបានកើតឡើងនៅរដ្ឋធានីការ៉ាកាស របស់វ៉េណេស៊ុយអេឡា។

គួរបញ្ជាក់ថា នាវេលាទាបភ្លឺថ្ងៃសៅរ៍ ទី៣ ខែមករានេះ (ម៉ោងនៅវ៉េណេស៊ុយអេឡា) រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស​ការវាយប្រហារឈ្លានពានដោយយោធាពីសំណាក់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងប្រឆាំងទីតាំងជាច្រើននៅក្នុងទីក្រុងការ៉ាកាស ព្រមទាំងរដ្ឋមួយចំនួនទៀត ជាហេតុនាំឱ្យលោកប្រធានាធិបតី Nicolas Maduro ប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាអាសន្ន៕