អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា មិនដឹងថាលោក ម៉ាឌូរ៉ូ កំពុងស្ថិតនៅទីណានោះទេ (Video inside)
03-01-2026 17:29
(ការ៉ាកាស)៖ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez នៅថ្ងៃសៅរ៍ ទី៣ ខែមករា បាននិយាយថារដ្ឋាភិបាលវ៉េណេស៊ុយអេឡាមិនបានដឹងថាតើលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក គឺលោកស្រី Cilia Flores កំពុងស្ថិតនៅទីណានោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី Rodriguez ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសំឡេងខ្សែអាត់មួយដែលត្រូវបានចាក់ផ្សាយតាមកញ្ចប់ទូរទស្សន៍រដ្ឋ។ លោកស្រីបន្ថែមថា «យើងទាមទារឱ្យមានការបញ្ជាក់ជាបន្ទាន់ពីអាយុជីវិតរបស់ លោកប្រធានាធិបតី ម៉ាឌូរ៉ូ និងស្ត្រីទី១លោកស្រី Cilia Flores»។ នៅថ្ងៃសៅរ៍នេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាកងកម្លាំងយោធារបស់សហរដ្ឋអាមេរិក បានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។
លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា និងមេដឹកនាំរបស់ប្រទេសនេះ គឺលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួនរួមជាមួយភរិយា ហើយត្រូវបានដឹកតាមយន្តហោះ ចេញពីប្រទេសវ៉េណេស៊ុយអេឡាហើយ»។ លោក ត្រាំក៏បាន ប្រកាសដែរថារូបលោកនឹងធ្វើសន្និសីទសារព័ត៌មានផ្លូវការមួយ នៅម៉ោង១១៖០០នាទីព្រឹក (ម៉ោងនៅអាមេរិក) នៅឯភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida។
ដោយឡែក បើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក CBS កងកម្លាំងពិសេស Delta Force របស់កងទ័ពអាមេរិកគឺជាអង្គភាពមួយដែលបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ៕





