រុស្ស៉ីថ្កោលទោសសកម្មភាពយោធារបស់សហរដ្ឋអាមេរិក នៅវ៉េណេស៊ុយអេឡា (Video inside)
03-01-2026 17:48
(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃសៅរ៍ ទី៣ ខែមករា បានថ្កោលទោសសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវ៉ណេស៊ុយអេឡា ដោយនិយាយថាវាមិនមានហេតុផលត្រឹមត្រូវសម្រាប់ការវាយប្រហារនោះទេ ហើយបានបង្ហាញថាមនោគមន៍វិជ្ជាអរិភាពបានយកឈ្នះលើការទូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៉ីបាននិយាយថា «នៅព្រឹកនេះ (ថ្ងៃសៅរ៍) សហរដ្ឋអាមេរិកបានប្រព្រឹត្តសកម្មភាពឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងវ៉េណេស៊ុយអេឡាដែលបានបង្កឱ្
យមាន ការព្រួយបារម្ភយ៉ាងខ្លាំង និងសមនឹងថ្កោលទោស»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍នេះបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយប្រឆាំងនឹងវ៉េណេស៊ុយអេឡា ហើយក្រោយការវាយប្រហារនេះដែរលោក ដូណាល់ ត្រាំ បានអះអាងថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយាត្រូវបានយោធាអាមេរិកចាប់ខ្លួន និងដឹកតាមយន្តហោះចេញពីប្រទេសវ៉េណេស៊ុយអេឡាបាត់ហើយ។ លោក ត្រាំ បានប្រកាសថា រូបលោកនឹងធ្វើសន្និសីទសារព័ត៌មានផ្លូវការមួយ នៅម៉ោង១១៖០០នាទីព្រឹក (ម៉ោងនៅអាមេរិក) នៅឯភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida។
ខាងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា តាមរយៈអនុប្រធានាធិបតីលោកស្រី Delcy Rodriguez បាននិយាយថារដ្ឋាភិបាលវ៉េណេស៊ុយអេឡាមិនបានដឹងថាតើលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក គឺលោកស្រី Cilia Flores កំពុងស្ថិតនៅទីណានោះទេ៕







