រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ថាលោក Maduro ត្រូវបានចាប់ខ្លួន ដើម្បីយកទៅកាត់ទោសនៅសហរដ្ឋអាមេរិក (Video inside)

03-01-2026 18:08

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ដើម្បីនាំខ្លួន មេដឹកនាំរូបនេះឡើងសវនាការជំនុំជម្រះនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

CNN ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ដែលបានជជែកគ្នាជាមួយលោករដ្ឋមន្ត្រីការបរទេស Rubio។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X សមាជិកព្រឹទ្ធសភាអាមេរិក លោក Mike Lee បានឱ្យដឹងថាលោក Rubio បានប្រាប់រូបលោកថាលោក ម៉ាឌូរ៉ូត្រូវបានចាប់ខ្លួនដោយយោធាអាមេរិក ដើម្បីនាំខ្លួនឡើងសវនាការជំនុំជម្រះនៅក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលមេដឹកនាំរូបនេះបានប្រព្រឹត្ត។

រដ្ឋបាលលោក ត្រាំ បានចោទប្រកាន់លោក ម៉ាឌូរ៉ូជាមេកើយរបស់ពួកឧក្រិដ្ឋជនគ្រឿងញៀនជាការចោទប្រកាន់មួយដែលលោក ម៉ាឌូរ៉ូ បានទាត់ចោល ហើយចោទត្រឡប់ទៅវិញថា ទីក្រុងវ៉ាស៉ីនតោន មានគោលដៅ ពិតប្រាកដចង់ផ្តួលរំលំរូបលោកពី​អំណាច ដោយសារប្រទេសវ៉េណេស៊ុយអេឡា មានធនធានប្រេងបម្រុងធំជាងគេនៅលើពិភពលោក។ ជាច្រើនខែមកនេះ យោធាអាមេរិកបានបង្កើនសម្ពាធលើវ៉េណេស៊ុយអេឡា តាមរយៈមធ្យោបាយផ្សេងៗ ដូចជាបិទដែនអាកាស ដាក់ទណ្ឌកម្ម វាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន និងរឹបអូសកប៉ាល់ដែលដឹកប្រេងវ៉េណេស៊ុយអេឡា ជាដើម។

លោក ត្រាំ មិនដែលបង្ហើបឱ្យដឹងពីគោលដៅពិតប្រាកដរបស់លោកនោះទេ តែកាលពីពេលថ្មីៗនេះលោកបាននិយាយថាវាជារឿងដ៏ឆ្លាតវៃ ប្រសិនបើលោក​ ម៉ាឌូរ៉ូចុះចេញពីតំណែង។ ខាងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា បាននិយាយថារដ្ឋាភិបាលវ៉េណេស៊ុយអេឡាមិនបានដឹងថាតើលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក គឺលោកស្រី Cilia Flores កំពុងស្ថិតនៅទីណានោះទេ៕