វ៉េណេស៊ុយអេឡា ស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញការវាយប្រហាររបស់សហរដ្ឋអាមេរិក

03-01-2026 19:28

(ការ៉ាកាស)៖ វ៉េណេស៊ុយអេឡា នៅថ្ងៃសៅរ៍ ទី៣ ខែមករា បានទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់ សហរដ្ឋអាមេរិកលើប្រទេសក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ នៅចំពោះមុខភាពមិនច្បាស់លាស់ដែលគេមិនទាន់ដឹងថាតើលោកប្រធានាធិបតី Nicolas Maduro កំពុងស្ថិតនៅទីណានោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងការបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil បានលើកឡើងថាវ៉េណេស៊ុយអេឡាបានប្រឈមមុខ នឹងសកម្មភាពឈ្លានពានប្រព្រឹត្តដោយសហរដ្ឋអាមេរិក។ ដូច្នេះវ៉េណេស៊ុយអេឡាបានស្នើឱ្យមានការបើកកិច្ចប្រជុំជាបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុងអង្គការសហប្រជាជាតិដែលមាន ទំនួលខុសត្រូវការពារច្បាប់អន្តរជាតិ។

លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍នេះ បានអះអាងថា កងកម្លាំងយោធារបស់សហរដ្ឋអាមេរិកបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយារបស់លោក បន្ទាប់ពីបើកការវាយប្រហារទ្រង់ទ្រាយធំដ៏ភ្ញាក់ផ្អើលមួយលើប្រទេសអាមេរិកខាងត្បូងមួយនេះ។ មកទល់នឹងពេលនេះគេមិនទាន់ដឹងថាតើលោក ម៉ាឌូរ៉ូ កំពុងស្ថិតនៅទីណានោះទេ៕