លោក ម៉ាឌូរ៉ូ កំពុងត្រូវបាននាំខ្លួនឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក

03-01-2026 21:20

(វ៉ាស៊ីនតោន)៖ ក្រុមការងារមួយរបស់ទីភ្នាក់ងារប៉ូលិសអាមេរិក FBI កំពុងស្ថិតនៅជាមួយកងកម្លាំងប្រតិបត្តិការពិសេសអាមេរិក ដែលបានដឹកនាំប្រតិបត្តិការ​ចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា ហើយឥលូវមានគម្រោងនាំខ្លួនរូបលោកឆ្ពោះទៅកាន់ទីក្រុងញ៉ូវយ៉ក ជាទីដែលលោកនឹងត្រូវប្រឈមនឹងការចោទប្រកាន់ក្នុងតុលាការសហព័ន្ធក្នុងសង្កាត់ Manhattan។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក CNN បានឱ្យដឹងទៀតថាក្រុមមន្ត្រីប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិកបានធ្វើការជាច្រើនឆ្នាំមកហើយលើការចោទប្រកាន់លោក ម៉ាឌូរ៉ូ និងមេដឹកនាំយោធាកំពូលៗមួយចំនួននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ ការងារមួយនេះត្រូវបានរំពឹងថានឹងបង្កើតជាមូលដ្ឋាននៃការចោទប្រកាន់ដែលគ្រោងនឹងត្រូវបានប្រកាសជាសាធារណៈ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោកស្រី Pam Bondi បាននិយាយថាលោក ម៉ាឌូរ៉ូ នឹងត្រូវបង្ហាញខ្លួនក្នុងតុលាការអាមេរិក នៅលើទឹកដីអាមេរិកក្នុងពេលឆាប់ៗ បន្ទាប់ពីត្រូវបានចាប់ខ្លួន បញ្ជូនចេញពីវ៉េណេស៊ុយអេឡា រួមជាមួយភរិយារបស់លោក៕