CNN៖ លោក ម៉ាឌូរ៉ូ និងភរិយាត្រូវបានកងកម្លាំងអាមេរិកអូសចេញពីបន្ទប់គេង អំឡុងការចាប់ខ្លួន
03-01-2026 21:28
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា គឺលោកស្រី Cilia Flores ត្រូវបានអូសចេញពីបន្ទប់គេងដោយកងកម្លាំងពិសេសអាមេរិក អំឡុងប្រតិបត្តិការ វាយឆ្មក់មួយដែលនាំទៅរកការចាប់ខ្លួនមេដឹកនាំរូបនេះនៅថ្ងៃសៅរ៍ ទី៣ ខែមករា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។
មន្ត្រីអាមេរិក២រូបបានប្រាប់ CNN ក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះថាលោក ម៉ាឌូរ៉ូ និងភរិយាត្រូវបានចាប់ខ្លួននៅពាក់កណ្ដាលយប់ ខណៈអ្នកទាំង២កំពុងគេង។ ប្រតិបត្តិការពិសេសនេះត្រូវបាន ដឹកនាំដោយកងកម្លាំងពិសេស Delta Force របស់កងទ័ពអាមេរិក ដោយមិនបានធ្វើឱ្យកងកម្លាំងអាមេរិកណាមួយស្លាប់ ឬរងរបួសនោះទេ។
គួរបញ្ជាក់ថា បើតាម CNN ក្រុមការងារមួយរបស់ទីភ្នាក់ងារប៉ូលិសអាមេរិក FBI កំពុងស្ថិតនៅជាមួយកងកម្លាំងប្រតិបត្តិការពិសេសអាមេរិក ដែលបានដឹកនាំប្រតិបត្តិការចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា ហើយឥលូវមានគម្រោងនាំខ្លួនរូបលោកឆ្ពោះទៅកាន់ទីក្រុងញ៉ូវយ៉ក ជាទីដែលលោកនឹងត្រូវប្រឈមនឹងការចោទប្រកាន់ក្នុងតុលាការសហព័ន្ធក្នុងសង្កាត់ Manhattan៕




