លោក ត្រាំថាអង្គុយមើលការផ្សាយផ្ទាល់ប្រតិបត្តិការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដូចមើលកម្មវិធីទូរទស្សន៍ (Video inside)
03-01-2026 21:41
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី៣ ខែមករា បាននិយាយថាលោកបានអង្គុយមើលការផ្សាយផ្ទាល់ពីសកម្មភាពកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនមេដឹកនាំ វ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ អំឡុងប្រតិបត្តិការវាយឆ្មក់ដ៏ក្លាហានមួយ ដែលមើលទៅដូចកំពុងមើលកម្មវិធីទូរទស្សន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយទូរទស្សន៍អាមេរិក Fox News លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់មានន័យថា ខ្ញុំបានមើលប្រតិបត្តិការនោះដូចពិតៗ ដូចជាខ្ញុំកំពុងមើលកម្មវិធី ទូរទស្សន៍មួយ។ យើងបានមើលគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការនោះ»។
គួរបញ្ជាក់ថា លោក ត្រាំ នៅថ្ងៃសៅរ៍នេះបានអះអាងថាកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកបានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា ហើយរូបលោកនឹងធ្វើ សន្និសីទសារព័ត៌មានផ្លូវការមួយ នៅម៉ោង១១៖០០នាទីព្រឹក (ម៉ោងនៅអាមេរិក) នៅឯភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida៕





