អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Rodriguez ត្រូវបានរាយការណ៍ថាកំពុងស្ថិតក្នុងប្រទេសរុស្ស៉ី

03-01-2026 21:55

(Reuters)៖ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថាប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយាត្រូវបានចាប់ខ្លួនដោយកងកម្លាំងអាមេរិក ក្រោយការវាយប្រហារលើវ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះផ្អែកលើប្រភពចំនួន៤ ដែលបានដឹងពីការធ្វើដំណើររបស់លោកស្រី Rodriguez។ តាមប្រភពដដែល បងប្រុសរបស់លោកស្រី Rodriguez គឺលោក Jorge Rodriguez ដែលជាប្រធានសភាវ៉េណេស៊ុយអេឡាកំពុងស្ថិតនៅក្នុងទីក្រុងការ៉ាកាស។

លោកស្រី Delcy Rodriguez បាននិយាយក្នុងខ្សែអាត់មួយចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋថារដ្ឋាភិបាលវ៉េណេស៊ុយអេឡាមិនបានដឹងថាលោក ម៉ាឌូរ៉ូ និងភរិយាកំពុងស្ថិតនៅទីណានោះទេ ហើយបានទាមទារឱ្យសហរដ្ឋអាមេរិកបញ្ជាក់ស្ថានភាពរបស់លោក ម៉ាឌ៉ូរ៉ូ និងភរិយាគឺលោកស្រី Cilia។ លោកស្រី Rodriguez មិនបានបង្ហាញវត្តមានទេចាប់តាំងពីមានការវាយប្រហាររបស់ សហរដ្ឋអាមេរិក៕