លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងគ្រប់គ្រងវ៉េណេស៊ុយអេឡា រហូតទាល់តែមានការផ្លាស់ប្ដូរអំណាចដោយសុវត្ថិភាព (Video inside)

04-01-2026 00:14

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី៣ ខែមករា បាននិយាយថាសហរដ្ឋអាមេរិកនឹងដឹកនាំប្រទេសវ៉េណេស៊ុយអេឡាជាបណ្ដោះអាសន្ន រហូតទាល់តែមាននយោបាយ អន្តរកាលមួយកើតឡើង បន្ទាប់ពីយោធាអាមេរិកបើកប្រតិបត្តិការបណ្ដេញលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូចេញពីអំណាច និងចាប់បញ្ជូនខ្លួនទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងវ៉េណេស៊ុយអេឡា រហូតទាល់តែដល់ពេលមួយដែលយើងអាចសម្រេចបាននូវការផ្ទេរអំណាចដោយសុវត្ថិភាព ត្រឹមត្រូវ​ និងយុត្តិធម៌។ លើសពីនេះទៅទៀត លោក ត្រាំ ក៏បានឱ្យដឹងដែរថារូបលោកនឹងអនុញាតឱ្យក្រុមហ៊ុនប្រេងអាមេរិកចូលទៅកាន់វ៉េណេស៊ុយអេឡា ដើម្បីបូមយកប្រេងបម្រុងទុក របស់វ៉េណេស៊ុយអេឡាផងដែរ។

លោក ត្រាំ បន្ថែមថាលោកត្រៀមខ្លួនជាស្រេចសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើកទី២ លើវ៉េណេស៊ុយអេឡា ក្នុងករណីចាំបាច់៕