កូរ៉េខាងជេីង បាញ់មីស៉ីលបាលីស្ទីគចូលសមុទ្រ នៅឆ្នេរភាគខាងកេីតរបស់ខ្លួន (Video inside)
04-01-2026 10:07
(ព្យុងយ៉ាង)៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីគច្រើនគ្រាប់ ចេញពីរដ្ឋធានីព្យុងយ៉ាងឆ្ពោះទៅកាន់សមុទ្រ នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ ២០២៦។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
វាជាការបាញ់មីស៉ីលបាលីស្ទីគដំបូងរបស់កូរ៉េខាងជើងក្នុងរយៈពេលពីរខែនេះ ដែលធ្វើឡើងនៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ត្រូវធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃអាទិត្យនេះ ដែលទីក្រុងសេអ៊ូលនិយាយថាសន្តិភាពលើឧបទ្វីបកូរ៉េនឹងត្រូវលេីកយកទៅពិភាក្សា។
អគ្គសេនាធិការចម្រុះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូងបានពង្រឹងការឃ្លាំមើល និងប្រុងប្រយ័ត្នសម្រាប់ការបាញ់បង្ហោះបន្ថែមទៀត ដោយកំពុងចែករំលែកព័ត៌មានយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ តាមក្រសួងការពារជាតិជប៉ុន មីស៉ីលបាលីស្ទីគទាំងនោះ ត្រូវបានគេជឿថាធ្លាក់ទៅលេីគោលដៅសមុទ្រហើយ។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជេីង បានរាយករណ៍ថាមេដឹកនាំ លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យបង្កើនសមត្ថភាពទ្វេដងលេីការផលិតអាវុធកំណត់គោលដៅជាក់លាក់ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់រោងចក្រផលិតអាវុធ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ៕





