មេដឹកនាំកំពូលអ៉ីរ៉ង់ ថានឹងមិនចុះចាញ់ឡេីយ ខណៈបាតុកម្មក្នុងស្រុកចេះតែកេីនឡេីង ចំពោះមុខការគំរាមពីអាមេរិក (Video inside)
04-01-2026 11:15
(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានប្តេជ្ញាថានឹងមិនចុះចាញ់ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ គំរាមថាសហរដ្ឋអាមេរិកនឹងចូលជួយក្រុមបាតុករ ខណៈដែលក្រុមសិទ្ធិមនុស្សបានរាយការណ៍ពីការកើនឡើងខ្លាំងនូវការចាប់ខ្លួនក្នុងភាពចលាចលច្រេីនថ្ងៃដែលបង្កឡើងដោយសារតែបញ្ហាអតិផរណា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៏មាន Reuters។
តាមរយៈវីដេអូដែលបានចេញផ្សាយនាថ្ងៃសៅរ៍ ទី៣ ខែមករា លោក Khamenei បាននិយាយថា «សាធារណរដ្ឋឥស្លាមមួយនេះ នឹងមិនចុះចាញ់សត្រូវឡេីយ។ យើងនឹងនិយាយជាមួយបាតុករ ប៉ុន្តែការនិយាយជាមួយអ្នកធ្វើកុប្បកម្មគឺគ្មានប្រយោជន៍ទេ។ អ្នកបះបោរគួរតែកុំលេីកលែងឱ្យ»។
ប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ពីការស្លាប់ ៣ករណីកាលពីថ្ងៃសៅរ៍ តែក្រុមសិទ្ធិមនុស្សនិយាយថាមនុស្សច្រេីនជាង ១០នាក់បានស្លាប់រួចហើយនៅក្នុងបាតុកម្មនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈការដួលរលំនៃរូបិយប័ណ្ណ rial បានប៉ះពាល់ដល់សេដ្ឋកិច្ចដែលខ្ទេចខ្ទីស្រាប់ដោយសារតែទណ្ឌកម្ម។
តាមវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម ការតវ៉ាកេីតឡេីងនៅភាគខាងត្បូង និងភាគខាងលិចប្រទេសអ៉ីរ៉ង់។ អ្នកដើរតាមដងផ្លូវបានអំពាវនាវឱ្យជនជាតិអ៉ីរ៉ង់ផ្សេងទៀតចូលរួមការតវ៉ាជាមួយពួកគេ។ ទីភ្នាក់ងារសារព័ត៌មាន Mehr និង Fars បានឱ្យដឹងថា សមាជិកកងកម្លាំងសន្តិសុខម្នាក់ និងបាតុករពីរនាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Malekshahi ភាគខាងលិច នៅពេលក្រុមបាតុករប្រដាប់ដោយអាវុធព្យាយាមសម្រុកចូលប៉ុស្តិ៍ប៉ូលិស។
អាជ្ញាធរអ៉ីរ៉ង់ បានរកវិធីសាស្រ្តដោះស្រាយភាពចលាចលដោយនិយាយថា ការតវ៉ាជុំវិញបញ្ហាសេដ្ឋកិច្ចគឺស្របច្បាប់ ហើយនឹងត្រូវបានដោះស្រាយដោយការសន្ទនា ខណៈប្រើឧស្ម័នបង្ហូរទឹកភ្នែកដេីម្បីបំបែកបាតុកម្ម នៅពេលមានការប្រឈមមុខដាក់គ្នា៕








