អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា Rodríguez ត្រូវកាន់តំណែងជាប្រធានាធិបតីស្តីទី ខណៈលោក ត្រាំ និយាយថា លោកស្រីនឹងដើរតួជាដៃគូឱ្យអាមេរិកគ្រប់គ្រងវ៉េណេស៊ុយអេឡា (Video inside)

04-01-2026 12:16

(ការ៉ាកាស)៖ តុលាការកំពូលនៃប្រទេសវ៉េណេស៊ុយអេឡា កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ បានបង្គាប់ឱ្យអនុប្រធានាធិបតី លោកស្រី Delcy Rodriguez ក្លាយជាមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេស ក្រោយប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវសហរដ្ឋអាមេរិកចាប់ខ្លួនក្នុងការវាយប្រហារលេីវ៉េស៊ុយអេឡា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ ២០២៦។

បេីតាមកាសែត News York Post ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានឱ្យដឹងដែរថា លោកស្រី Rodríguez បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ហើយនឹងដើរតួជាដៃគូក្នុងការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងប្រទេស។ ការប្រកាសនេះ ធ្វេីឡេីងតិចជាងពីរម៉ោង ក្រោយពេលដែលលោកស្រី Rodríguez បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ដោយបញ្ជាក់យ៉ាងច្បាស់ថា លោកស្រីចាត់ទុកសហរដ្ឋអាមេរិកជាអ្នកឈ្លានពានខុសច្បាប់ ដែលត្រូវតែបដិសេធ។

គួរបញ្ជាក់ថា តាមទីភ្នាក់ងារសារព័ត៌មាន Reuters លោកស្រី Rodriguez ត្រូវបានរាយការណ៍ថាកំពុងស្ថិតក្នុងប្រទេសរុស្ស៉ី។ Reuters បានធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពចំនួន៤ ដែលបានដឹងពីការធ្វើដំណើររបស់លោកស្រី Rodriguez។ តាមប្រភពដដែល បងប្រុសរបស់លោកស្រី Rodriguez គឺលោក Jorge Rodriguez ដែលជាប្រធានសភាវ៉េណេស៊ុយអេឡាកំពុងស្ថិតនៅក្នុងទីក្រុងការ៉ាកាស៕