ឈ្វេងយល់ពីច្បាប់អន្តរជាតិ និងច្បាប់សហរដ្ឋអាមេរិក អំពីករណីប្រធានាធិបតី ម៉ាឌូរ៉ូ ! (Video inside)

04-01-2026 13:46

(អន្តរជាតិ)៖ ករណីលោក ម៉ាឌូរ៉ូ (Nicolás Maduro) ប្រធានាធិបតីវេណេស៊ុយអេឡា គឺជាគំរូជាក់ស្តែងដ៏សំខាន់មួយ ដែលបង្ហាញពីការប៉ះទង្គិចរវាង ច្បាប់អន្តរជាតិ និង ច្បាប់ផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក ជាពិសេសចំពោះបញ្ហា បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់ប្រមុខរដ្ឋ។ ករណីនេះមិនត្រឹមតែជាជម្លោះនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាច្បាប់អន្តរជាតិដ៏ស្មុគស្មាញ ដែលបង្កើតសំណួរធំមួយសម្រាប់ពិភពលោក។

តើអភ័យឯកសិទ្ធិប្រមុខរដ្ឋ ជាគោលការណ៍ដាច់ខាត ឬអាចត្រូវបានបំបែកដោយអំណាចនយោបាយរដ្ឋមហាអំណាច?

I. ច្បាប់អន្តរជាតិ និងអភ័យឯកសិទ្ធិប្រមុខរដ្ឋ៖

ក្រោមច្បាប់អន្តរជាតិទូទៅ ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលដែលកំពុងកាន់អំណាច មានអភ័យឯកសិទ្ធិផ្ទាល់ខ្លួន។ អភ័យឯកសិទ្ធិនេះ មានគោលបំណងការពារ៖ អធិបតេយ្យភាពរដ្ឋ, ស្ថិរភាពទំនាក់ទំនងការទូត, ការអនុវត្តភារកិច្ចផ្លូវការរបស់ប្រមុខរដ្ឋ។

តាមគោលការណ៍នេះប្រមុខរដ្ឋកំពុងកាន់អំណាច មិនអាចត្រូវបានចាប់ ឬឃុំខ្លួនដោយតុលាការរដ្ឋផ្សេង ទោះបីជាករណីបទល្មើសមានលក្ខណៈធ្ងន់ធ្ងរយ៉ាងណាក៏ដោយ លុះត្រាតែមានករណីលើកលែងពិសេស ដូចជា តុលាការអន្តរជាតិពិសេស ឬបន្ទាប់ពីផុតអំណាច។

ក្នុងបរិបទនេះ ប្រទេសជាច្រើននៅលើពិភពលោក និងអង្គការអន្តរជាតិមួយចំនួន នៅតែចាត់ទុក Nicolás Maduro ជាប្រធានាធិបតីកំពុងកាន់អំណាចរបស់ វេណេស៊ុយអេឡា។ ដូច្នេះតាមច្បាប់អន្តរជាតិ អភ័យឯកសិទ្ធិរបស់លោកនៅតែមានសុពលភាព។

II. ច្បាប់សហរដ្ឋអាមេរិក និងគោលការណ៍ការទទួលស្គាល់៖

ផ្ទុយពីច្បាប់អន្តរជាតិ ច្បាប់របស់សហរដ្ឋអាមេរិក ចែងថា៖ អភ័យឯកសិទ្ធិប្រមុខរដ្ឋនៅក្នុងតុលាការអាមេរិក ពឹងផ្អែកលើការទទួលស្គាល់ជាផ្លូវការរបស់រដ្ឋបាលអាមេរិក ប្រសិនបើរដ្ឋបាលអាមេរិកមិនទទួលស្គាល់មនុស្សណាមួយជាប្រមុខរដ្ឋស្របច្បាប់នោះតុលាការអាមេរិក អាចបដិសេធអភ័យឯកសិទ្ធិរបស់មនុស្សនោះ។

១៖ ច្បាប់អន្តរជាតិ៖ ប្រមុខរដ្ឋ/ប្ររដ្ឋាភិបាល ដែលកំពុងកាន់អំណាច មានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិពេញលេញ ក្រោមការការពារពីច្បាប់អន្តរជាតិ ដែលមិនអាចឃាត់ខ្លួន, មិនអាចឃុំខ្លួន និងមិនអាចចាប់ខ្លួនបានឡើយ ទោះបីស្ថិតនៅក្នុងលក្ខខណ្ឌណាក៏ដោយ។

២៖ ច្បាប់របស់អាមេរិក៖ ច្បាប់អន្តរជាតិ មិនអាចមានឥទ្ធិពលលើច្បាប់របស់សហរដ្ឋអាមេរិកបានឡើយ។ សាលក្រមតុលាការកំពូលអាមេរិក មានអំណាចលើសគេក្នុងប្រព័ន្ធច្បាប់អាមេរិក។ ទោះបីតុលាការអន្តរជាតិកាត់ក្តីឱ្យអាមេរិកចាញ់ ប៉ុន្តែតុលាការកំពូលរបស់សហរដ្ឋអាមេរិក កាត់ក្តីឱ្យអាមេរិកឈ្នះ ដូច្នេះសាលក្រមតុលាការអន្តរជាតិ ពុំមានអំណាចលើសាលក្រមរបស់តុលាការកំពូលអាមេរិកឡើយ។

ក្នុងន័យនេះ អាមេរិកអាចបដិសេធការអនុវត្តអភ័យឯកសិទ្ធិក្នុងតុលាការរបស់ខ្លួន ប៉ុន្តែមិនអាចគេចផុតពីការទទួលខុសត្រូវអន្តរជាតិបានទេ។

៣៖ ច្បាប់របស់សហរដ្ឋអាមេរិក ខុសពីច្បាប់អន្តរជាតិចំពោះបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល។ ច្បាប់អាមេរិក បានចែងថា ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល មានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិចំពោះច្បាប់អាមេរិក លុះត្រាប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលរូបនោះ ត្រូវបានទទួលស្គាល់ដោយរដ្ឋបាលរបស់អាមេរិក។

នៅក្នុងន័យនេះ បើរដ្ឋបាលអាមេរិកទទួលស្គាល់មនុស្សណាមួយជាប្រមុខរដ្ឋ តុលាការអាមេរិកត្រូវគោរពអភ័យឯកសិទ្ធិ ប៉ុន្តែបើមិនទទួលស្គាល់ តុលាការអាមេរិក អាចបដិសេធអភ័យឯកសិទ្ធិ។

ក្នុងករណីលោក Maduro ត្រូវបានសហរដ្ឋអាមេរិក បានប្រកាសមិនទទួលស្គាល់អំណាចរបស់លោក។ ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់ Maduro ពាក់ព័ន្ធនឹងបទល្មើសធ្ងន់ធ្ងរ និងអះអាងថា អភ័យឯកសិទ្ធិរបស់លោក មិនអាចអនុវត្តនៅក្នុងតុលាការអាមេរិកបាន។

បើតាមច្បាប់អន្តរជាតិ ប្រមុខរដ្ឋកំពុងកាន់អំណាច មិនអាចត្រូវបានចាប់ ឬឃុំខ្លួនដោយតុលាការប្រទេសផ្សេងបាននោះទេ ទោះបីជាករណីបទល្មើសមានលក្ខណៈធ្ងន់ធ្ងរយ៉ាងណាក៏ដោយ លុះត្រាតែមានករណីលើកលែងពិសេសដូចជា តុលាការអន្តរជាតិពិសេស ឬបន្ទាប់ពីផុតអំណាច៕