នីហ្សេរីយ៉ា៖ ក្រុមប្រដាប់អាវុធ សម្លាប់មនុស្សយ៉ាងតិច ៣០នាក់ និងចាប់ពង្រាត់មនុស្សជាច្រើននាក់នៅផ្សារមួយ (Video inside)

04-01-2026 19:46

(អាប៊ូចា)៖ ប៉ូលិសនីហ្សេរីយ៉ាបានប្រកាសនៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ៣០នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅពេលដែលក្រុមជនសង្ស័យប្រដាប់អាវុធបានបើកការវាយប្រហារលើផ្សារមួយកន្លែងនៅក្នុងរដ្ឋនីហ្សេ (Niger State) នៃប្រទេសនីហ្សេរីយ៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យប៉ូលិសបានបញ្ជាក់ថា ក្រុមជនល្មើសដែលអ្នកស្រុកហៅថា «ក្រុមចោរព្រៃ» បានសម្រុកចូលផ្សារ Kasuwan Daji នៅភូមិ Demo កាលពីរសៀលថ្ងៃសៅរ៍ ដោយបានដុតបំផ្លាញតូបលក់ដូរ និងប្លន់យកស្បៀងអាហារ។ អ្នកនាំពាក្យប៉ូលិសរូបនេះបានបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានចាប់ខ្លួនកំពុងបន្តធ្វើឡើង។

សាក្សីបានរាយការណ៍ថា ក្រុមជនដៃដល់បានជិះម៉ូតូមកដល់ និងបើកការបាញ់ប្រហារដោយមិនរើសមុខ។ លោក Dauda Shakulle ដែលរងរបួសក្នុងហេតុការណ៍នោះ បាននិយាយទាំងតក់ស្លុតថា «សូម្បីតែស្ត្រី និងកុមារក៏មិនត្រូវបានលើកលែងដែរ..បច្ចុប្បន្នយើងកំពុងប្រមូលសាកសព»។ សាក្សីម្នាក់ទៀតបានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់អាចមានដល់ទៅ ៤០នាក់។

គួរបញ្ជាក់ថា ការវាយប្រហារនេះកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកុមារ និងបុគ្គលិកសាលាកាតូលិកជាង ៣០០នាក់ត្រូវបានចាប់ពង្រាត់នៅក្នុងរដ្ឋនេះ ដែលបង្ហាញពីការកើនឡើងនៃអំពើហិង្សានៅតំបន់ភាគពាយព្យ និងកណ្តាលនៃប្រទេសនីហ្សេរីយ៉ា៕