សិង្ហបុរី «ព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការអន្តរាគមន៍របស់អាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ, ជំរុញឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី (Video inside)

04-01-2026 19:59

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី នៅថ្ងៃអាទិត្យនេះបានសម្តែងការ «ព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកនៅវេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ដែលបានឈានដល់ការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយាបញ្ជូនទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

ក្រសួងការបរទេសសិង្ហបុរី បានចេញសេចក្តីថ្លែងការណ៍ថា សិង្ហបុរីប្រឆាំងជានិច្ចចំពោះសកម្មភាពដែលផ្ទុយនឹងច្បាប់អន្តរជាតិ រួមទាំងការអន្តរាគមន៍យោធាបរទេសនៅក្នុងប្រទេសណាមួយ។ ក្រសួងបានជំរុញឱ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់ និងដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោក ម៉ាឌូរ៉ូ វ័យ ៦៣ឆ្នាំ ត្រូវបានកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនក្នុងប្រតិបត្តិការរហ័សមួយ និងត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងបទចោទប្រកាន់ «ភេរវកម្មគ្រឿងញៀន»

ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹង «គ្រប់គ្រង» វេណេស៊ុយអេឡា និងទាញយកប្រេងបម្រុងរបស់ប្រទេសនេះ ហើយមិនខ្លាចនឹងដាក់ពង្រាយកងទ័ពជើងគោកឡើយ៕