ប្រេង និងអំណាច៖ ប្រេងបម្រុងដ៏មហាសាលលេខ១លើពិភពលោក និងប្រទេសវេណេស៊ុយអេឡា នឹងក្លាយជារបស់សហរដ្ឋអាមេរិកតែម្នាក់គត់ ! (Video inside)
04-01-2026 22:35
(ពិភពលោក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជំហររឹងមាំលើប្រទេសវេណេស៊ុយអេឡា ដោយអះអាងថា អាមេរិកនឹងចូលគ្រប់គ្រងប្រទេសវេណេស៊ុយអេឡា ហើយថាមពលសំខាន់ៗគឺទុនបម្រុងប្រេងដ៏ធំជាងគេមួយក្នុងពិភពលោក ជំហរនេះបានបង្កើនភាព តានតឹងយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ និងបណ្តាលឲ្យពិភពលោកចាប់ផ្តើមភ្ញាក់ផ្អើលជាថ្មី។
វ៉េណេស៊ុយអេឡា មានប្រេងឆៅ ៣០៣ពាន់លានបារ៉ែល ដែលប្រហែលមួយភាគប្រាំនៃទុនបម្រុងសកលរបស់ពិភពលោក។ ប្រេងឆៅដ៏ច្រើនសន្ធឹកសន្ធាប់នោះនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងអនាគតរបស់សហរដ្ឋអាមេរិក។
បាតុកម្មបាននិងកំពុងផ្ទុះឡើង ដោយមានអ្នកតវ៉ានៅទូទាំងពិភពលោក បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសថា សហរដ្ឋអាមេរិក នឹងគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា ក្រោយចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក។
ក្រុមបាតុករពីទីក្រុងប៉ារីស ប្រទេសបារាំង ដល់ទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៉ីល ថ្កោលទោសអ្វីដែលពួកគេហៅថា ការឈ្លានពាន និងចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានសម្តែងការ «ព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា ដោយចាត់ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកថា ជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត។
បើតាមច្បាប់អន្តរជាតិ ប្រមុខរដ្ឋកំពុងកាន់អំណាច មិនអាចត្រូវបានចាប់ ឬឃុំខ្លួនដោយតុលាការប្រទេសផ្សេងបាននោះទេ ទោះបីជាករណីបទល្មើសមានលក្ខណៈធ្ងន់ធ្ងរយ៉ាងណាក៏ដោយ លុះត្រាតែមានករណីលើកលែងពិសេសដូចជា តុលាការអន្តរជាតិពិសេស ឬបន្ទាប់ពីផុតអំណាច។
វេណេស៊ុយអេឡាជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង មានផ្ទៃដី ៩១៦ ៤៤៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ២៨លាននាក់។ រូបិយប័ណ្ណរបស់ប្រទេសនេះគឺ បូលីវ៉ា (VES) ហើយភាសាផ្លូវការគឺភាសាអេស្ប៉ាញ៕





