តម្លៃប្រេង ធ្លាក់ចុះនាថ្ងៃចន្ទនេះ ក្រោយប្រតិបត្តិការយោធាអាមេរិក លេីវ៉េណេស៊ុយអេឡា (Video inside)

05-01-2026 08:29

(តូក្យូ)៖ តម្លៃប្រេងបានធ្លាក់ចុះ នាថ្ងៃចន្ទ ទី៥ ខែមករាបន្ទាប់ពីប្រតិបត្តិការយោធាអាមេរិក បានចាប់ខ្លួន លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដែលប្រទេសនេះមានស្តុកទុកប្រេងឆៅច្រេីនបំផុតរបស់ពិភពលោក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងការជួញដូរពេលព្រឹកនៅអាស៉ី តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.២១ភាគរយ មកនៅត្រឹម ៦០.៦២ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate ធ្លាក់ចុះ ០.៣៥ភាគរយ មកនៅត្រឹម ៥៧.១២ដុល្លារក្នុងមួយបារ៉ែល ។

ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងវ៉េណេស៊ុយអេឡា ហេីយបញ្ជូនក្រុមហ៊ុនអាមេរិកឱ្យទៅជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រេងនៅទីនោះ។ យ៉ាងនេះក្តី ការកើនឡើងនូវបរិមាណប្រេងវ៉េណេស៊ុយអេឡា ចូលទីផ្សារ នឹងបន្ថែមក្តីបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការ និងដាក់សម្ពាធថែមទៀតលើតម្លៃប្រេងដែលបន្តធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ៕