គិញសម្ងាត់ CIA, កងកម្លាំងពិសេស, គំរូកន្លែងលាក់ខ្លួន, និងយន្តហោះយោធា១៥០គ្រឿង៖ ធាតុផ្សំចម្បងនៅពីក្រោយប្រតិបត្តិការយោធាលឿនដូចផ្លេកបន្ទោររបស់អាមេរិក ដើម្បីចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា (Video inside)

05-01-2026 08:59

(វ៉ាស៉ីនតោន)៖ កាលពីវេលាម៉ោង៤៖២១នាទីទាបភ្លឺ ថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ឱ្យពិភពលោកបានដឹងថា ប្រទេសកំពូលមហាអំណាចមួយនេះ បានបើកប្រតិបត្តិការយោធាដ៏ធំមួយ ដើម្បីចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។

សកម្មភាពខាងលើ ត្រូវបានគ្រប់គ្នាមើលឃើញថា ជារឿងដ៏ភ្ញាក់ផ្អើល ប៉ុន្តែបើតាមក្រុមមន្រ្តីអាមេរិកដែលបានដឹងអំពីផែនការនេះ វាគឺជាប្រតិបត្តិការដ៏ស្មុគស្មាញបំផុតមួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានត្រៀមរៀបចំអស់រយៈពេលជាច្រើនខែមកហើយ និងរួមមានទាំងការហាត់សមយ៉ាងផ្ចិតផ្ចង់។

ក្រុមទាហានពិសេស រួមមានទាំងកងកម្លាំង Delta Force របស់កងទ័ពជើងគោកអាមេរិក បានបង្កើតគំរូដូចបេះបិតមួយ នៃកន្លែងលាក់ខ្លួនរបស់លោក ម៉ាឌូរ៉ូ ហើយពួកគេបានហ្វឹកហាត់ របៀបដែលខ្លួននឹងត្រូវសម្រុកចូលទៅក្នុងទីនោះ ក្រោមការការពារសន្តិសុខយ៉ាងរឹងមាំ។

ទីភ្នាក់ងារចារកម្ម CIA មានក្រុមការងារតូចមួយសំងំធ្វើការ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡាផ្ទាល់ តាំងតែពីខែសីហា ឆ្នាំ២០២៥ ហើយពួកគេបានផ្តល់ព័ត៌មានអំពីទម្លាប់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់លោក ម៉ាឌូរ៉ូ ដែលជាកត្តាជួយឱ្យការចាប់ខ្លួនរូបលោក​ បានប្រព្រឹត្តទៅយ៉ាងរលូន។ មិនតែប៉ុណ្ណោះ CIA ក៏មានគិញសម្ងាត់ម្នាក់ផងដែរ នៅកៀកនឹងលោក ម៉ាឌូរ៉ូ ហើយជនបង្កប់នោះ បានតាមដានការធ្វើដំណើររបស់លោក និងមានតួនាទីផ្តល់ដំណឹងពី ទីតាំងជាក់លាក់របស់លោក ម៉ាឌូរ៉ូ នៅពេលដែល​ប្រតិបត្តិការយោធាអាមេរិកចាប់ផ្តើម។

ស្របពេលអ្វីៗទាំងអស់ ត្រូវបានរៀបចំរួចរាល់ហើយនោះ លោក ត្រាំ បានយល់ព្រមឱ្យធ្វើប្រតិបត្តិការ តាំងពី៤ថ្ងៃមុន ប៉ុន្តែក្រុមមន្រ្តីយោធា​និងចារកម្ម ដែលជាអ្នករៀបចំផែនការ បានផ្តល់យោបល់ឱ្យលោករង់ចាំ ស្ថានភាពអាកាសធាតុប្រសើរជាងនេះ។ ទីបំផុតនៅម៉ោង១០៖៤៦នាទីយប់ថ្ងៃសុក្រ ទី២ ខែមករា (ម៉ោងនៅអាមេរិក) លោក ត្រាំ ក៏បានផ្តល់ភ្លើងបៃតងចុងក្រោយ សម្រាប់ប្រតិបត្តិការត្រូវបានដាក់ឈ្មោះថា Operation Absolute Resolve។ លោក ត្រាំ អមដោយក្រុមទីប្រឹក្សារបស់លោក បានអង្គុយមើលការផ្សាយផ្ទាល់នៃសកម្មភាពប្រតិបត្តិការយោធានោះ នៅឯភូមិគ្រឹះ Mar-a-Lago របស់លោក ស្ថិតក្នុងទីក្រុង Palm Beach នៃរដ្ឋ Florida។

ជាច្រើនខែមកនេះ មន្ទីរបញ្ចកោណ បានដឹកនាំកិច្ចប្រឹងប្រែងដាក់ពង្រាយកងកម្លាំងយោធាអាមេរិក ក្នុងទ្រង់ទ្រាយយ៉ាងធំសម្បើម នៅតំបន់ Caribbean ដោយបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង១គ្រឿង នាវាចម្បាំង១១គ្រឿង និងយន្តហោះចម្បាំង F-35 ជាង១០គ្រឿង។ ក្រៅពីនេះ កងទ័ពអាមេរិកសរុបលើស១៥ ០០០នាក់ ត្រូវបានចល័តទៅក្នុងតំបន់ សម្រាប់អ្វីដែលក្រុមមន្រ្តីអាមេរិក បានទទូចអះអាងថា គឺជាយុទ្ធនាការបង្រ្កាបគ្រឿងញៀន។

ទីប្រឹក្សាជាន់ខ្ពស់របស់លោក ត្រាំ លោក Stephen Miller, រដ្ឋមន្រ្តីការបរទេស លោក Marco Rubio, រដ្ឋមន្រ្តីការពារជាតិ លោក Pete Hegseth និងនាយក CIA លោក John Ratcliffe បានរួមគ្នាបង្កើតជាក្រុមការងារស្នូលធ្វើការលើបញ្ហានេះ អស់រយៈពេលជាច្រើនខែ ដោយមានការជួបប្រជុំគ្នា និងការសន្ទនាទូរសព្ទជាប់ជាប្រចាំ។ អ្នកទាំង៤ ជារឿយៗក៏បានជួបជាមួយ​លោក ត្រាំ ផ្ទាល់ ផងដែរ។

មកដល់ចន្លោះវេលាយប់ថ្ងៃសុក្រ ទី២ និងថ្ងៃសៅរ៍ ទី៣ ខែមករា លោក ត្រាំ រួមជាមួយក្រុមមន្រ្តីជំនិតបានជួបជុំគ្នា ស្របពេលដែល​កងយន្តហោះយោធាអាមេរិក បានហោះចេញធ្វើប្រតិបត្តិការ ដើម្បីវាយប្រហារលើគោលដៅ នៅក្នុងនិងជុំវិញរដ្ឋធានីការ៉ាកាសរបស់​ប្រទេសវ៉េណេស៊ុយអេឡា ដែលគោលដៅទាំងនោះ រួមមានទាំងប្រព័ន្ធការពារដែនអាកាសនិងមូលដ្ឋានទ័ព។ ប្រតិបត្តិការយោធានេះ មានការចូលរួមពីយន្តហោះសរុបជាង១៥០គ្រឿង មកពីមូលដ្ឋានចំនួន២០កន្លែង រួមមានដូចជាយន្តហោះចម្បាំង F-35, F-22 និងយន្តហោះទម្លាក់គ្រាប់បែក B-1។ ទន្ទឹមគ្នានោះ យោធាអាមេរិក ក៏បានចល័តយន្តហោះបញ្ចូលសាំងលើផ្ទៃអាកាស ដ្រូន និងយន្តហោះឯកទេសសង្រ្គាមអេឡិចត្រូនិច ថែមទៀតផង។

ស្របពេលការវាយប្រហារចាប់ផ្តើមប្រព្រឹត្តទៅ លើទីតាំងផ្សេងៗក្នុងប្រទេសវ៉េណេស៊ុយអេឡា កងកម្លាំងពិសេសអាមេរិក ដឹកនាំដោយក្រុម Delta Force បានធ្វើដំណើរស្ងាត់ៗឆ្ពោះ​ទៅ​កាន់ទីតាំងរបស់លោក ម៉ាឌូរ៉ ដែលត្រូវបានពួកគេដឹងយ៉ាងច្បាស់។ នៅម៉ោងខ្ទង់១រំលងអាធ្រាត្រ ក្រុមទាហានពិសេសអាមេរិក បាន​ទៅដល់បរិវេណភូមិគ្រឹះដែលជាកន្លែងលាក់ខ្លួនរបស់លោក ម៉ាឌូរ៉ូ ស្ថិតក្នុងតំបន់ទីប្រជុំជននៃទីក្រុងការ៉ាកាស ហើយរំពិចនោះ ពួកគេក៏បានរងការបាញ់ប្រហារ។ ឧទ្ធម្ភាគចក្រ១គ្រឿង ត្រូវបានបាញ់ចំ ប៉ុន្តែនៅអាចហោះរួច។

កងកម្លាំងអាមេរិកមួយចំនួន បានរងរបួសប៉ុន្តែមិនមានអ្នកបាត់បង់ជីវិតទេ ហើយពេលក្រុមទាហានអាមេរិក ចូលទៅដល់ខាងក្រុមភូមិគ្រឹះ លោក ម៉ាឌូរ៉ូ និងភរិយា ក៏បានយល់ព្រមប្រគល់ខ្លួនឱ្យចាប់។ ទាល់តែនៅពេលប្រតិបត្តិការវាយប្រហារវ៉េណេស៊ុយអេឡា កំពុងប្រព្រឹត្តទៅហើយ ទើបរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rubio ជូនដំណឹងដល់​ក្រុមតំណាងរាស្រ្តអាមេរិក មិនមែនមុនពេលវាចាប់ផ្តើម ដូចតាមទម្លាប់នោះទេ។ ក្រោយចាប់ខ្លួនបានលោក ម៉ាឌូរ៉ូ កងកម្លាំងអាមេរិក បានចាប់ផ្តើមចាកចេញពីទឹកដីវ៉េណេស៊ុយអេឡាវិញ ហើយនៅម៉ោង៣៖២០នាទីទាបភ្លឺ កងឧទ្ធម្ភាគចក្ររបស់ពួកគេ ក៏បានចេញផុតដល់លើផ្ទៃសមុទ្រ ដោយមានលោក ម៉ាឌូរ៉ូ និងភរិយាលោក ស្ថិតនៅលើនោះ។

គួរបញ្ជាក់ថា សឹងតែ៧ម៉ោងគត់ ក្រោយពេលលោក ត្រាំ បានប្រកាសឱ្យដឹងអំពីប្រតិបត្តិការយោធាប្រឆាំងវ៉េណេស៊ុយអេឡា នៅលើបណ្តាញ Truth Social រូបលោកក៏បានបង្ហោះសារថ្មីមួយទៀត គឺរូបភាពលោក ម៉ាឌូរ៉ូ ដែលត្រូវបានគេបិទភ្នែក ដៃជាប់ខ្នោះ និងស្ថិតក្នុងសម្លៀកបំពាក់សាមញ្ញពណ៌ប្រផះ នៅលើនាវាចម្បាំងអាមេរិក USS Iwo Jima។ រូបលោកនិងភរិយា ត្រូវបានបញ្ជូនខ្លួនតាមយន្តហោះមកកាន់សហរដ្ឋអាមេរិក ហើយនាពេលនេះ កំពុងស្ថិតក្រោមការឃុំឃាំងក្នុងពន្ធនាគារមួយកន្លែង នៅទីក្រុងញូវយ៉ក និងប្រឈមមុខជាមួយការចោទប្រកាន់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ កន្លងមក អាមេរិកបានចោទថា លោក ម៉ាឌូរ៉ូ ជាមេកើយរបស់បណ្តាញឧក្រិដ្ឋជនគ្រឿងញៀនមួយ ដែលជាប្រភពចម្បងនៃលំហូរគ្រឿងញៀនចូលសហរដ្ឋអាមេរិក។ លោក ម៉ាឌូរ៉ូ បានបដិសេធការចោទប្រកាន់របស់អាមេរិក ហើយបានចោទត្រឡប់ទៅវិញថា ការបង្កើនវត្តមានយោធាទ្រង់ទ្រាយធំរបស់ទីក្រុងវ៉ាស៉ីនតោន នៅតំបន់ Caribbean គឺមានគោលដៅពិតប្រាកដផ្តួលរំលំរូបលោកចេញពីអំណាច ដើម្បីដណ្តើមកាន់កាប់ធនធានប្រេងបម្រុងដ៏ច្រើនសម្បើមរបស់ប្រទេសវ៉េណេស៊ុយអេឡា៕

ប្រភព៖ Reuters