លោក គីម ជុងអ៊ុន ថាការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ កាន់តែចាំបាច់ខ្លាំង ដោយសារវិបត្តិភូមិសាស្រ្តនយោបាយ និងព្រឹត្តិការណ៍អន្តរជាតិដ៏ស្មុគស្មាញថ្មីៗនេះ (Video inside)
05-01-2026 13:40
(ព្យុងយ៉ាង)៖ នាថ្ងៃចន្ទ ទី៥ ខែមករា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៉ីលល្បឿនលឿនជាងសំឡេង ដើម្បីវាយម្លៃសមត្ថភាពប្រតិបត្តិការយោធារបសខ្លួន ពាក់ព័ន្ធការទប់ស្កាត់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានដឹកនាំការបាញ់តេស្តមីស៉ីលនោះ បានលើកឡើងថា វាគឺជាយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការរក្សាឬពង្រីកសមត្ថភាពអាវុធនុយក្លេអ៊ែរ ឱ្យខ្លាំងក្លារឹងមាំនិងជឿទុកចិត្តបាន ជាពិសេសចំពោះមុខវិបត្តិភូមិសាស្រ្តនយោបាយ ក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិដ៏ស្មុគស្មាញ នាពេលថ្មីៗនេះ។
KCNA បាននិយាយថា មីស៉ីលល្បឿនលឿនជាងសំឡេងនោះ បានបាញ់ចំគោលដៅស្ថិតនៅចម្ងាយប្រមាណ១០០០គីឡូម៉ែត្រ លើផ្ទៃសមុទ្រភាគខាងកើតប្រទេសកូរ៉េខាងជើង។ កាលពីថ្ងៃអាទិត្យ យោធាកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៉ីលបាលិស្ទីគយ៉ាងហោច២គ្រាប់ ឆ្ពោះទៅសមុទ្រ ស្របពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន។
កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរ ថ្កោលទោសការវាយប្រហារយោធារបស់សហរដ្ឋអាមេរិក លើប្រទេសវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro ថាជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះអធិបតេយ្យរបស់ប្រទេសអាមេរិកឡាទីនមួយនេះ។ អ្នកជំនាញកូរ៉េខាងត្បូងមួយរូប បានយល់ឃើញថា ការតេស្តមីស៉ីលល្បឿនលឿនជាងសំឡេងរបស់កូរ៉េខាងជើងនេះ ទំនងជាសារមួយឆ្លើយតបការវាយប្រហាររបស់អាមេរិក លើវ៉េណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍។
គួរបញ្ជាក់ថា រាប់ឆ្នាំមកហើយ ប្រទេសកូរ៉េខាងជើងបានអះអាងថា កម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៉ីលរបស់ខ្លួន គឺជាចាំបាច់ជាខ្លាំង ដើម្បីទប់ស្កាត់នូវអ្វីដែលទីក្រុងព្យុងយ៉ាងចោទថា ជាកិច្ចប្រឹងប្រែងផ្លាស់ប្តូររបបដោយទីក្រុងវ៉ាស៉ីនតោន៕






