មេដឹកនាំស្តីទីវ៉េណេស៊ុយអេឡា បង្កើតគណៈកម្មការស្វែងរកការដោះលែងប្រធានាធិបតី ម៉ាឌូរ៉ូ ដែលនឹងត្រូវបង្ហាញខ្លួននៅតុលាការអាមេរិក នាថ្ងៃចន្ទ (Video inside)
05-01-2026 14:04
(ការ៉ាកាស)៖ កាលពីថ្ងៃអាទិត្យ ទី៤ ខែមករា ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីព្យាយាមឱ្យមាន ការដោះលែងប្រធានាធិបតី លោក Nicolas Maduro និងភរិយាលោក លោកស្រី Cilia Flores វិញ បន្ទាប់ពីអ្នកទាំងពីរ ត្រូវបានចាប់ខ្លួនដោយយោធាអាមេរិក នៅទីក្រុងការ៉ាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោកស្រី Delcy Rodriguez បានចាត់ឱ្យប្រធានរដ្ឋសភា លោក Jorge Rodriguez ដែលត្រូវជាបងប្រុសរបស់លោកស្រី រួមជាមួយរដ្ឋមន្រ្តីការបរទេស លោក Yvan Gil ធ្វើជាសហប្រធាននៃគណៈកម្មការខាងលើ។ ក្រៅពីនេះ រដ្ឋមន្រ្តីព័ត៌មាន លោក Freddy Nanez ក៏នឹងស្ថិតក្នុងគណៈកម្មការផងដែរ។ លោកស្រី Rodriguez បានក្លាយជាមេដឹកនាំស្តីទី ក្រោមការបង្គាប់របស់តុលាការកំពូល ហើយទទួលបានការគាំទ្រពីយោធាវ៉េណេស៊ុយអេឡា។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន យោធាអាមេរិកបានបើកការវាយប្រហារទ្រង់ទ្រាយធំលើវ៉េណេស៊ុយអេឡា ហើយបញ្ជូនកងទាហានពិសេស ទៅចាប់ខ្លួនលោក Maduro នៅទីក្រុងការ៉ាកាស។ ដោយរងការចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន និងភេរវកម្ម លោក Maduro ឥឡូវ កំពុងស្ថិតក្រោមការឃុំឃាំងនៅទីក្រុងញូវយ៉ក ដើម្បីរង់ចាំបង្ហាញខ្លួន នៅតុលាការនាថ្ងៃចន្ទ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក)៕







