ក្រសួងការបរទេសចិន៖ បទឈប់បាញ់កម្ពុជា-ថៃ កំពុងត្រូវបានអនុវត្តដោយសន្សឹមៗ និងសង្ឃឹមថា ភាគីទាំងពីរនឹងធានាបាននូវបទឈប់បាញ់មួយ ដែលគ្រប់ជ្រុងជ្រោយនិងយូរអង្វែង ! (Video inside)

05-01-2026 15:16

(ប៉េកាំង)៖ នាថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន បាននិយាយថា កិច្ចព្រមព្រៀងកម្ពុជា-ថៃ ស្តីពីបទឈប់បាញ់រវាងប្រទេសទាំងពីរ កំពុងត្រូវបានអនុវត្តដោយសន្សឹមៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦។

ថ្លែងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយយ៉ាងដូច្នេះថា «ចិនសង្ឃឹមថាភាគីទាំងពីរ នឹងធានាបាននូវបទឈប់បាញ់មួយ ដែលមានលក្ខណៈគ្រប់គ្រុងជ្រោយ ហើយឋិតថេរយូរអង្វែង»។ លោក Lin ក៏បានកត់សម្គាល់ផងដែរថា ភាគីថៃបានប្រគល់ទាហាន១៨នាក់ ត្រឡប់ទៅឱ្យភាគីកម្ពុជាវិញហើយ។

គួរបញ្ជាក់ថា កម្ពុជានិងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាលើកទី២ កាលពីចុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅ​ព្រំដែន ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃ ក្រោយយោធាថៃ បានបើកការវាយប្រហារឈ្លានពានសាជាថ្មីមកលើកម្ពុជា ដែលជាការបំពានបទឈប់បាញ់ដំបូង៕