ម៉ាឡេស៉ី​ ស្វែងរកការកំណត់រយៈពេលកាន់អំណាចសម្រាប់នាយករដ្ឋមន្រ្តី​ ត្រឹមពីរអាណត្តិ ឬ១០ឆ្នាំ (Video inside)

05-01-2026 15:56

(គូឡាឡាំពួ)៖​ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី​ លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយថា ប្រទេសម៉ាឡេស៉ីមានបំណងអនុវត្ត កំណែទម្រង់ស្ថាប័នមួយចំនួននាឆ្នាំនេះ និងឆ្នាំក្រោយ រួមទាំងការកំណត់រយៈពេលពីរអាណត្តិសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទ​ ទី៥​ ខែមករា​ ឆ្នាំ​ ២០២៦។

នៅក្នុងសុន្ទរកថាទៅកាន់មន្ត្រីរាជការ លោក អាន់វ៉ា និយាយថា រដ្ឋបាលរបស់លោកនឹងរៀបចំសេចក្តីព្រាងច្បាប់សភា ដើម្បីកំណត់អាណត្តិនាយករដ្ឋមន្ត្រីរហូតដល់អតិបរមា ១០ឆ្នាំ (ស្មេីនឹងពីរអាណត្តិ)​ ជាវិធានការមួយដែលលោកធ្លាប់បានសន្យា ក្នុងពេលឃោសនាបោះឆ្នោតកាលពី​ឆ្នាំ​ ២០២២។ លោក​ អាន់វ៉ា​ បញ្ជាក់ថា​ «​មនុស្សគ្រប់រូប​ មានដែនកំណត់រយៈពេល។ ប្រសិនបេីដល់គ្រប់ពេលកំណត់ហេីយ​ វាជារឿងល្អសម្រាប់យេីង​ ដែលត្រូវផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ»។

តាមលោក​ អាន់វ៉ា​ សេចក្តីព្រាងច្បាប់ដែលនឹងបំបែកតួនាទីអគ្គមេធាវីក្នុងនាមជាទីប្រឹក្សាច្បាប់កំពូលរបស់រដ្ឋាភិបាល​ ចេញពីមុខងាររដ្ឋអាជ្ញាសាធារណៈ​ នឹងត្រូវលើកមកពិភាក្សា​នៅពេលដែលសភាកោះប្រជុំឡើងវិញសម្រាប់អាណត្តិទីមួយនៃឆ្នាំនេះ។ ទន្ទឹមនេះ​ រដ្ឋាភិបាលម៉ាឡេស៉ី​ ក៏មានបំណងដាក់ចេញច្បាប់ស្តីពីអ្នកទទួលបន្ទុក ដើម្បីពង្រឹងតម្លាភាពក្នុងវិស័យសាធារណៈ និងផ្តល់ឱ្យសាធារណៈជននូវបណ្តាញផ្លូវការមួយដើម្បីលើកឡើងនូវបណ្តឹងអភិបាលកិច្ច៕