សង្គមស៊ីវិល កម្ពុជា-ចិន រួមគ្នាបង្កើនបរិមាណទេសចរជនជាតិចិនមកកម្ពុជាឆ្នាំ២០២៦
05-01-2026 16:14
(ភ្នំពេញ)៖ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ក្នុងបរិយាកាសអបអរសាទរឆ្នាំថ្មី និងការបន្តពង្រឹងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌–សិល្បៈ និងសកម្មភាពសប្បុរសធម៌ ដោយមានគោលបំណង ជំរុញវិស័យទេសចរណ៍ និងបង្កើនបរិមាណភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជា។
លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពី តំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ គ្រូបង្រៀន សិល្បករ សិល្បការិនី ព្រមទាំងសិស្សានុសិស្ស ជាច្រើនរូប ក្នុងគោលបំណងរួមគ្នាលើកស្ទួយការផ្លាស់ប្តូរវប្បធម៌ និងបង្កើនភាពទាក់ទាញរបស់កម្ពុជា ក្នុងវិស័យទេសចរណ៍វប្បធម៌។ លោកបានបន្ថែមថា កម្មវិធីសម្តែងទស្សនីយភាពសិល្បៈជាច្រើនប្រភេទ ត្រូវបានរៀបចំឡើងយ៉ាងសម្បូរបែប រួមមាន របាំបុរាណខ្មែរ របាំប្រជាប្រិយ ការសម្តែងតន្ត្រី សិល្បៈសម្តែងសម័យទំនើប និងការបង្ហាញទេពកោសល្យសិល្បៈរបស់សិស្សានុសិស្ស។
ការសម្តែងទាំងនេះ មិនត្រឹមតែបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាសារដ៏មានអត្ថន័យ ក្នុងការផ្សព្វផ្សាយភាពទាក់ទាញនៃសិល្បៈ វប្បធម៌ និងទេសចរណ៍កម្ពុជា ទៅកាន់មិត្តភក្តិអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន។
លោក អ៊ូ ផឹង (Wu Peng) ប្រធាននាយកដ្ឋានអន្តរជាតិសម្រាប់ការអភិវឌ្ឍនៃ CFRDបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានជួយសម្របសម្រួលក្នុងការរៀបចំកម្មវិធីប្រគល់-ទទួលអំណោយកង់ចំនួន៣៨២គ្រឿង និងកាតាប Pandaចំនួន៤២២ជូនដល់សិស្សានុសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីជួយសម្រួលដល់ការសិក្សា និងជីវភាពប្រចាំថ្ងៃរបស់ សិស្សានុសិស្ស ព្រមទាំងលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការសិក្សារៀនសូត្រ និងអភិវឌ្ឍទេពកោសល្យសិល្បៈរបស់ខ្លួន។ លោកបានលើកឡើងថា អំណោយកង់និងកញ្ចប់ផែនដាទាំងនេះអាចចាត់ទុកថាជានិមិត្តរូបនៃការយកចិត្តទុកដាក់ និងមិត្តភាពស្មោះស្ម័គ្ររវាងប្រជាជនកម្ពុជានិងចិន ជាពិសេសចំពោះយុវជនជំនាន់ក្រោយ។
តំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក ណុប ផល អនុប្រធាននាយកដ្ឋានផែនការនិងគម្រោងបានយល់ស្របថា ព្រឹត្តិការណ៍នេះជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា–ចិន ដែលមិនត្រឹមតែផ្តោតលើ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរវប្បធម៌ និងការលើកស្ទួយវិស័យទេសចរណ៍ប្រកបដោយចីរភាព។ លោកបានបន្ថែមថា តាមរយៈសកម្មភាពទាំងនេះ កម្ពុជា និងចិន បានបន្តបញ្ជាក់ពីឆន្ទៈរួម ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីកិច្ចសហការយ៉ាងជិតស្និទ្ធ កាន់តែស៊ីជម្រៅ និងប្រកបដោយគុណតម្លៃជាក់ស្តែង រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងបង្កើតអនាគតរួមប្រកបដោយសុខសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន។
គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ មន្ត្រី និងអ្នកចូលរួមក្នុងព្រឹត្តិការណ៍ បានយល់ស្របគ្នាថា ការរួមបញ្ចូលសកម្មភាពវប្បធម៌ សិល្បៈ និងសប្បុរសធម៌ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២៦ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ក្នុងការកសាងស្ពានមិត្តភាពរវាង ប្រជាជនប្រទេសយើងទាំងពីរ កម្ពុជានិងចិន ព្រមទាំងជំរុញការយល់ដឹងអំពីសក្តានុពលទេសចរណ៍កម្ពុជា ដែលមានមូលដ្ឋានលើវប្បធម៌ ប្រវត្តិសាស្ត្រ និងសិល្បៈជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន













