បន្ទាប់ពីវាយប្រហារវ៉េណេស៊ុយអេឡា ចាប់ខ្លួន ម៉ាឌូរ៉ូ ដើម្បីគ្រប់គ្រងប្រទេស និងបូមប្រេង តើនរណាអាចជាគោលដៅបន្ទាប់? (Video inside)
05-01-2026 17:12
(វ៉ាស៊ីនតោន)៖ បន្ទាប់ពីវាយប្រហារលើវ៉េណេស៊ុយអេឡា និងចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តសម្លុតគំរាមសមភាគីកូឡុំប៊ីរបស់លោក គឺលោក Gustavo Petro ហើយថែមទាំងបាននិយាយទៀតថា លោកជឿជាក់ថារដ្ឋាភិបាលនៅក្នុងប្រទេសគុយបា ទំនងជានឹងដួលរលំក្នុងពេលឆាប់ៗ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី៤ ខែមករា ២០២៦ ក្នុងពេលថ្លែងទៅកាន់ ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានលើកឡើងជាថ្មីផងដែរពីបំណងចង់គ្រប់គ្រងដែនដី Greenland របស់ដាណឺម៉ាក ដើម្បីផលប្រយោជន៍សន្តិសុខជាតិអាមេរិក។
ការសម្លុតគំរាមទាំងនេះដែលកើតឡើងក្រោយអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ បញ្ជូនទៅកាត់ទោសនៅសហរដ្ឋអាមេរិក បាន និងកំពុងធ្វើឱ្យទាំងមិត្ត និងសត្រូវរបស់សហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយចោទសួរថាតើ នរណាទៀតដែលអាចជាគោលដៅបន្ទាប់របស់លោក ត្រាំ?
* សារលើបណ្ដាញទំនាក់ទំនងសង្គមធ្វើឱ្យប្រជាជនដាណឺម៉ាកផ្ទុះកំហឹង
ប្រជាជន Greenland និងដាណឺម៉ាកបានផ្ទុះកំហឹងយ៉ាងខ្លាំងចំពោះការបង្ហោះសារមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីសហរដ្ឋអាមេរិកវាយប្រហារលើ វ៉េណេស៊ុយអេឡា និងចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដោយអតីតមន្ត្រីរដ្ឋបាល លោក ត្រាំ ម្នាក់ និងឥឡូវជាអ្នកផ្សាយ Podcast លោកស្រី Katie Miller។ សារបង្ហោះនោះមានរូបភាពផែនទីរបស់ Greenland អមជាមួយការសរសេរពាក្យជាភាសាអង់គ្លេស «SOON» ឬឆាប់ៗ។ កាលពីអំឡុងស្បថចូលកាន់តំណែង និងប៉ុន្មានខែដំបូងនៃការត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិក សម្រាប់អាណតិ្តទី២ លោក ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតថា លោកត្រូវតែយក Greenland ឱ្យបានដើម្បីសន្តិសុខជាតិអាមេរិក។
លោក ត្រាំ ក៏មិនបានច្រានចោលនោះដែរចំពោះលទ្ធភាពប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងដែនដីស្វយ័តរបស់ដាណឺម៉ាកមួយនេះ ដែលសម្បូរទៅដោយធនធានធម្មជាតិដ៏មហាសាល និងជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់។ បញ្ហាដែនដី Greenland បានលេចឡើងនៅលើក្របទំព័រមុខ សារព័ត៌មានអាមេរិកធំៗកាលពីប៉ុន្មានខែថ្មីៗនេះ ហើយលោក ត្រាំ ផ្ទាល់បានលើកឡើងពីឈ្មោះ Greenland ជាថ្មីកាលពីជាង២សប្ដាហ៍មុន នៅពេលលោកប្រកាសថា នឹងតែងតាំងអភិបាលរដ្ឋ Louisiana លោក Jeff Landry ជាបេសកជនពិសេសរបស់លោកសម្រាប់ដែនដី Greenland។ លោក Jeff Landry បាននិយាយថា ក្នុងគោលជំហរស្ម័គ្រចិត្តរបស់លោក លោកនឹងជួយលោក ត្រាំ ដើម្បីយកដែនដី Greenland មកធ្វើជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក។
* សារព្រមានមួយទៅកាន់គុយបា
ក្នុងពេលការព្រួយបារម្ភកំពុងកើតឡើងនៅគុយបា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយដែររបស់វ៉េណេស៊ុយអេឡា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចេញសារព្រមានធ្ងន់ៗទៅកាន់រដ្ឋាភិបាលគុយបា។ ទំនាក់ទំនងរវាង អាមេរិក និងគុយបា បានប្រែក្លាយជាសត្រូវនឹងគ្នា ចាប់តាំងពីមានបដិវត្តន៍គុយបានៅឆ្នាំ១៩៥៩មកម្ល៉េះ។ នៅក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC លោក Rubio បាននិយាយថា ក្រុមមន្ត្រីគុយបាជាច្រើនរូបបានស្ថិតនៅជាមួយលោក ម៉ាឌូរ៉ូ ក្នុងប្រទេសវ៉េណេស៊ុយអេឡា មុននឹងមេដឹកនាំរូបនេះត្រូវបានចាប់បញ្ជូនទៅកាត់ទោសទៅកាន់សហរដ្ឋអាមេរិក។ តាមលោក Rubio លោក ម៉ាឌូរ៉ូត្រូវបានការពារដោយកងអង្គរក្សជាជនជាតិគុយបា។ «គឺកងអង្គរក្ស គុយបាជាអ្នកការពារម៉ាឌូរ៉ូ។ លោកមិនមែនត្រូវបានការពារដោយអង្គរក្សវ៉េណេស៊ុយអេឡានោះទេ។ លោកមានអង្គរក្សជាជនជាតិគុយបា»។ នេះជាការគូសបញ្ជាក់របស់លោក Rubio ដោយបន្ថែមថាកងអង្គរក្សគុយបាក៏ទទួលខុសត្រូវ លើចារកម្មផ្ទៃក្នុងរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ក្នុងនោះរួមមានទាំងអ្នកដែលជាគិញសម្ងាត់តាមដានផ្ទៃក្នុងដើម្បីធ្វើឱ្យប្រាកដថាគ្មានជនក្បត់។
ជុំវិញបញ្ហានេះដែរ លោក ត្រាំ បាននិយាយថាមានអង្គរក្សជាជនជាតិគុយបាជាច្រើននាក់ដែលទទួលខុសត្រូវការពារលោក ម៉ាឌូរ៉ូ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការ របស់សហរដ្ឋអាមេរិក។ លោក ត្រាំបានបញ្ជាក់ថាសេដ្ឋកិច្ចគុយបាដែល ជាប់ទណ្ឌកម្មអាមេរិកជាយូរមកហើយកំពុងត្រដរខ្យល់ ហើយនឹងដួលទៅជាមួយការបណ្ដេញលោក ម៉ាឌូរ៉ូពីអំណាច ពីព្រោះលោក ម៉ាឌូរ៉ូគឺជាអ្នកឧបត្ថម្ភដ៏ធំមួយសម្រាប់គុយបា។ លោក ត្រាំ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថែមទាំងនិយាយ ទៀតផងថាលោកមើលឃើញរដ្ឋាភិបាលគុយបាស្រដៀងគ្នាទៅនឹងវ៉េណេស៊ុយអេឡា។ «ខ្ញុំគិតថាគុយបានឹងក្លាយជាប្រធានបទមួយដែលយើងនឹងជជែកពីវា ពីព្រោះឥលូវគុយបាជាប្រទេសបរាជ័យមួយ បរាជ័យដ៏អាក្រក់បំផុត ហើយយើង ចង់ជួយប្រជាជន (ប្រជាជនគុយបា)»។ នេះជាការលើកឡើងរបស់លោក ត្រាំ។
យ៉ាងណាក៏ដោយ នៅពេលត្រូវបានជជីកសួរដោយក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បាននិយាយថាការធ្វើអន្តរាគមន៍យោធាណាមួយរបស់ សហរដ្ឋអាមេរិកនៅគុយបា ទំនងជានឹងមិនកើតឡើងទេពីព្រោះគុយបាទំនងជានឹងដួលរលំ ដោយខ្លួនឯង។ លោក ត្រាំ ក៏បានសម្លុតគំរាមសមភាគីកូឡុំប៊ីរបស់លោក គឺប្រធានាធិបតី Gustavo Petro ផងដែរ។ «កូឡុំប៊ីក៏កំពុងមានបញ្ហាយ៉ាងធ្ងន់ធ្ងរដែរ ហើយគ្រប់គ្រងដោយបុរសដ៏អសមត្ថភាពម្នាក់ ដែលចូលចិត្តផលិតគ្រឿងញៀនកូកាអ៉ីន ហើយលក់ពួកវាមកកាន់សហរដ្ឋអាមេរិក ប៉ុន្តែជននោះនឹងមិនមានឱកាសនៅបន្តធ្វើវាបានយូរអង្វែងទៀតឡើយ» លោក ត្រាំ បានថ្លែងយ៉ាងដូច្នេះប្រាប់ទៅកាន់ក្រុមអ្នកកាសែត នៅលើយន្តហោះ Air Force One ដោយចង់សំដៅលើប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro។ នៅពេលត្រូវបានសាកសួរត្រង់ៗ ថាតើសហរដ្ឋអាមេរិក នឹងធ្វើប្រតិបត្តិការយោធាប្រឆាំងកូឡុំប៊ីដែរឬទេ លោក ត្រាំ បានឆ្លើយតបថា «វាស្តាប់មើលទៅ គឺល្អសម្រាប់ខ្ញុំ»៕











