តើការវាយប្រហាររបស់អាមេរិកលើ វ៉េណេស៊ុយអេឡា នឹងលើកទឹកចិត្តឱ្យចិនវាយតៃវ៉ាន់ ឬ? (Video inisde)

05-01-2026 18:46

(ប៉េកាំង)៖ ក្រុមអ្នកវិភាគបាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើវ៉េណេស៊ុយអេឡា នឹងកាន់តែជំរុញលើកទឹកចិត្តចិន ក្នុងការពង្រឹងការអះអាងពីអធិបតេយ្យទឹកដីរបស់ខ្លួនដូចជា ក្នុងសំណុំរឿងតៃវ៉ាន់ និងផ្នែកជាច្រើន នៃសមុទ្រចិនខាងត្បូង ប៉ុន្តែប៉េកាំងនឹងមិនប្រញាប់ប្រញាល់បើកការវាយប្រហារលើតៃវ៉ាន់នោះទេ។ តាមក្រុមអ្នកវិភាគ ការពិចារណារបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីងអំពីតៃវ៉ាន់ និងតារាងពេលវេលារបស់លោក គឺជាបញ្ហាដាច់ដោយឡែកពីស្ថានការណ៍នៅក្នុងតំបន់អាមេរិកឡាទីន ពោលគឺវាអាស្រ័យលើស្ថានការណ៍ក្នុងស្រុករបស់ចិន ជាជាងសកម្មភាពរបស់សហរដ្ឋអាមេរិក។

តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគយល់ថាការវាយប្រហាររបស់អាមេរិក លើវ៉េណេស៊ុយអេឡាកាលពីថ្ងៃទី៣ ខែមករា និងការចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូបញ្ជូនទៅកាត់ទោសនៅសហរដ្ឋអាមេរិក នឹងផ្ដល់ឱកាសឱ្យចិនប្រើប្រាស់ក្នុងរយៈពេលខ្លី ដើម្បីបង្កើនការរិះគន់ និងថ្កោលទោស ទីក្រុងវ៉ាស៊ីនតោន និងលើកមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ។ លើសពីនេះទៅទៀត ចិនអាចនឹងប្រើទង្វើរបស់លោក ត្រាំ ដើម្បីការពារគោលជំហររបស់ខ្លួនប្រឆាំងសហរដ្ឋអាមេរិក ក្នុងបញ្ហាទឹកដី ដូចជាតៃវ៉ាន់ តំបន់ទីបេ និងបណ្ដាទីប្រជុំកោះក្នុងតំបន់សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។

* ហុចឱកាសឱ្យចិន

«ទីក្រុងវ៉ាស៊ីនតោនតែងតែអះអាងយ៉ាងជាប់លាប់ និងជាយូរណាស់មកហើយថាសកម្មភាពជាច្រើនរបស់ចិន បាន និងកំពុងបំពានច្បាប់អន្តរជាតិ ប៉ុន្តែការអះអាងបែបនេះប្រហែលជាលែងមានន័យអ្វីទៀតហើយ»។ នេះបើតាមលោក William Yang ជាអ្នកវិភាគម្នាក់មកពីស្ថាប័ន International Crisis Group។ អ្នកវិភាគរូបនេះបន្តថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើវ៉េណេស៊ុយអេឡា និងការចាប់ខ្លួនលោក ម៉ាឌូរ៉ូ បានបង្កើតឱកាសយ៉ាងច្រើន សម្រាប់ចិនទុកវាយបកទៅនឹងការរិះគន់ណាមួយពីសហរដ្ឋអាមេរិកនៅពេលអនាគត។ ចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានអះអាងពីដែនអធិបតេយ្យស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូងជាទីដែល ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើន កំពុងទាមទារចំណែកគ្រប់គ្រងរៀងៗខ្លួនប្រឆាំងនឹងចិន។ ទីក្រុងប៉េកាំងបានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក លើវ៉េណេស៊ុយអេឡា ដោយចាត់ទុកថាជាទង្វើបំពានច្បាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិសុខក្នុងតំបន់អាមេរិកឡាទីន ជាមួយការទាមទារឱ្យសហរដ្ឋអាមេរិកដោះលែងលោក ម៉ាឌូរ៉ូ និងភរិយារបស់លោកដែលកំពុងជាប់ឃុំនៅទីក្រុងញូវយ៉ក រង់ចាំសវនាការកាត់ទោស។

មុននឹងត្រូវបានកងកម្លាំងពិសេសអាមេរិក ចូលចាប់ខ្លួនដល់លើគ្រែ លោក ម៉ាឌូរ៉ូ ត្រូវបានរាយការណ៍ថា បានជួបពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន ក្នុងទីក្រុងការ៉ាកាស។ តែខាងក្រសួងការបរទេសចិន មិនបានធ្វើអត្ថាធិប្បាយអ្វីទេ ពីគណៈប្រតិភូរបស់ចិនដែលក្នុងនោះរួមមានទាំង លោក Qiu Xiaoqi ជាតំណាងពិសេសរបស់ចិន ទទួលបន្ទុកកិច្ចការតំបន់អាមេរិកឡាទីន និង Caribbean។

* ចិនមិនមែនសហរដ្ឋអាមេរិក រីឯតៃវ៉ាន់ មិនមែន វ៉េណេស៊ុយអេឡា

តៃវ៉ាន់កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងពីចិន។ កាលពីសប្ដាហ៍មុន ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឡោមព័ទ្ធជុំវិញកោះតៃវ៉ាន់ ដើម្បីពង្រឹងក៏ដូចជាបង្ហាញពីសមត្ថភាពរបស់ទីក្រុងប៉េកាំងក្នុងការកាត់ផ្ដាច់តៃវ៉ាន់ឱ្យឯកោពី ការគាំទ្រពីកម្លាំងខាងក្រៅក្នុងករណីសង្រ្គាមផ្ទុះឡើង។ ប៉ុន្តែ ក្រុមអ្នកវិភាគបាននិយាយថាពួកគេមិនរំពឹងថាចិនអាចនឹងទាញប្រយោជន៍ពីស្ថានការណ៍វ៉េណេស៊ុយអេឡា ដើម្បីបង្កើនជម្លោះរហូតដល់ក្លាយទៅជាការវាយប្រហារលើ តៃវ៉ាន់ក្នុងពេលឆាប់ៗនោះទេ។

លោក Shi Yinhong ជាសាស្ត្រាចារ្យម្នាក់ផ្នែកទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យ Renmin University ក្នុងទីក្រុងប៉េកាំង បាននិយាយថាការវាយយកតៃវ៉ាន់ គឺអាស្រ័យលើ ស្ថានការណ៍វិវត្តន៍នៅក្នុងស្រុករបស់ចិន មិនមែនអាស្រ័យលើអ្វីដែលលោក ត្រាំបានធ្វើនៅក្នុងទ្វីបមួយស្ថិតនៅឆ្ងាយពីចិននោះទេ។ ចំណែក លោក Neil Thomas ជាអ្នកវិភាគម្នាក់ពីនយោបាយចិន មកពីស្ថាប័ន Asia Society ចិនចាត់ទុកតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុង ដូច្នេះវាមិនទំនងនោះទេដែលចិននឹងលើកយកសកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងវ៉េណេស៊ុយអេឡាជាឧទារហណ៍ ឬគម្រូដើម្បីវាយប្រហារលើតៃវ៉ាន់។

«ទីក្រុងប៉េកាំងនឹងប្រកាន់យកជំហរ ឬអះអាងផ្ទុយពីសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួនលើជំហរស្រឡាញ់សន្តិភាព ការអភិវឌ្ឍ និងភាពជាមេដឹកនាំប្រកបដោយសីលធម៌»។ នេះជាការលើកឡើងរបស់លោក Thomas ជាមួយការសង្កត់ធ្ងន់ថាលោក ស៊ី ជីនពីង គិតូរពីចិនច្រើនជាងខ្វល់ខ្វាយពីវ៉េណេស៊ុយអេឡា ហើយលោកសង្ឃឹមថាសកម្មភាពរបស់លោក ត្រាំ លើវ៉េណេស៊ុយអេឡានឹងប្រែក្លាយជាវិបត្តិមួយសម្រាប់សហរដ្ឋអាមេរិក។ ដោយឡែក លោក Wang Ting-yu ជាសមាជិកសភាជាន់ខ្ពស់ម្នាក់មកពីគណបក្សកាន់អំណាចតៃវ៉ាន់ បានទាត់ចោលគំនិតដែលថាចិនអាចនឹងយកគំរូតាមសហរដ្ឋអាមេរិក ហើយវាយប្រហារលើតៃវ៉ាន់។ លោកបានកត់សម្គាល់ដូច្នេះថា «ចិនមិនដែល បោះបង់ចោលអរិភាពចំពោះតៃវ៉ាន់នោះទេ តែចិនខ្វះខាតមធ្យោបាយអនុវត្តជាក់ស្ដែង។ ចិនមិនមែនសហរដ្ឋអាមេរិក ហើយតៃវ៉ាន់ក៏មិនមែនវ៉េណេស៊ុយអេឡានោះដែរ។ ប្រសិនបើចិនអាចធ្វើវាបាន ម្ល៉េះចិនធ្វើតាំងពីយូរមកហើយ»

យ៉ាងនេះក្ដី ស្ថានការណ៍នៅតែមានភាពផុយស្រួយសម្រាប់តៃវ៉ាន់ ហើយអាចនឹងបង្ខំឱ្យតៃវ៉ាន់ប្រឹងយកចិត្តយកថ្លើមរដ្ឋបាលលោកប្រធានាធិបតី ត្រាំ៕