នាយករដ្ឋមន្ត្រីហុងគ្រី ថា អន្តរាគមន៍របស់អាមេរិកនៅវេណេស៊ុយអេឡា នឹងជះផលល្អដល់ទីផ្សារថាមពល (Video inside)

05-01-2026 19:11

(ប៊ូដាប៉ែស)៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អ័របាន (Viktor Orban) បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកក្នុងការទម្លាក់មេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ គួរតែនាំមកនូវផលវិជ្ជមានសម្រាប់ទីផ្សារថាមពលពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក អ័របាន បានប៉ាន់ប្រមាណថា «អ្វីដែលខ្ញុំចាត់ទុកថាសំខាន់សម្រាប់ហុងគ្រីពីរឿងនេះគឺថា សហរដ្ឋអាមេរិក រួមជាមួយវេណេស៊ុយអេឡា នឹងអាចគ្រប់គ្រងប្រេងបម្រុងពិភពលោកពី ៤០ ទៅ ៥០ភាគរយ»។ លោកបានបន្ថែមថា នេះគឺជាអំណាចដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃថាមពល និងបង្កើតស្ថានភាពអំណោយផលសម្រាប់ហុងគ្រី។

គួរកត់សម្គាល់ថា លោក ដូណាល់ ត្រាំ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក អ័របាន បានបង្ហាញបំណងចង់គ្រប់គ្រងធនធានប្រេងរបស់វេណេស៊ុយអេឡា។ ទោះបីជាហុងគ្រីនៅតែបន្តនាំចូលថាមពលពីរុស្ស៊ីក្តី ក៏ខ្លួនកំពុងព្យាយាមធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ផងដែរ ដោយថ្មីៗនេះបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក Chevron៕