ស្វីស បង្កកទ្រព្យសម្បត្តិលោក ម៉ាឌូរ៉ូ និងបក្ខពួក ក្រោយការចាប់ខ្លួនដោយសហរដ្ឋអាមេរិក (Video inside)

05-01-2026 19:58

(ប៊ែន)៖ រដ្ឋាភិបាលស្វីសបានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានបង្កកទ្រព្យសម្បត្តិទាំងអស់នៅក្នុងប្រទេស ដែលកាន់កាប់ដោយលោក នីកូឡាស់ ម៉ាឌូរ៉ូ និងបក្ខពួករបស់លោក បន្ទាប់ពីមេដឹកនាំរូបនេះត្រូវបានកងកម្លាំងពិសេសអាមេរិកចាប់ខ្លួននៅរដ្ឋធានីការ៉ាកាស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមប្រឹក្សាសហព័ន្ធបានបញ្ជាក់ថា វិធានការនេះចូលជាធរមានភ្លាមៗ និងមានសុពលភាពរយៈពេល ៤ឆ្នាំ ដោយមានគោលបំណងទប់ស្កាត់​ការ​ហូរ​ចេញ​នៃ​ទ្រព្យសម្បត្តិ​ខុសច្បាប់ និង​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​ដែល​បាន​ដាក់​លើ​ប្រទេស​វេណេស៊ុយអេឡា​ចាប់តាំងពី​ឆ្នាំ ២០១៨។ ទោះជាយ៉ាងណា រដ្ឋាភិបាលស្វីសបានសន្យាថា នឹងព្យាយាមប្រគល់មូលនិធិទាំងនោះត្រឡប់ទៅឱ្យប្រជាជនវេណេស៊ុយអេឡាវិញ ប្រសិនបើការស៊ើបអង្កេតរកឃើញថាវាជាទ្រព្យសម្បត្តិទុច្ចរិត។

គួរបញ្ជាក់ថា ការបង្កកនេះមិនអនុវត្តចំពោះសមាជិកនៃរដ្ឋាភិបាលវេណេស៊ុយអេឡាបច្ចុប្បន្នផ្សេងទៀតទេ។ ទន្ទឹមគ្នានេះ ស្វីសក៏បានអំពាវនាវឱ្យមានការអត់ធ្មត់ និងផ្តល់យន្តការសម្របសម្រួលដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះស្ថានការណ៍ដ៏តានតឹងនេះ។ មកទល់ពេលនេះ មិនទាន់មានតួលេខច្បាស់លាស់អំពីចំនួនទឹកប្រាក់ដែលត្រូវបានបង្កកនោះទេ៕