រុស្ស៊ី ព្រមានពលរដ្ឋរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅវេណេស៊ុយអេឡា ក្រោយអាមេរិកចាប់ខ្លួនលោក ម៉ាឌូរ៉ូ (Video inside)
05-01-2026 20:22
(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃចន្ទនេះ បានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួនឱ្យចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា ក្រោយរដ្ឋបាលអាមេរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ខ្លួនលោក ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ស្ថានទូតរុស្ស៊ីនៅរដ្ឋធានីការ៉ាកាស់ និងក្រសួងសេដ្ឋកិច្ចរុស្ស៊ី បានព្រមានថា ការព្រមាននេះគឺដោយសារ «ការឈ្លានពានដោយប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក...និងការគំរាមកំហែងនៃការវាយប្រហារម្តងទៀត»។ ក្រសួងក៏បានណែនាំឱ្យក្រុមហ៊ុនទេសចរណ៍រុស្ស៊ីផ្អាកការលក់ និងផ្សព្វផ្សាយកញ្ចប់ធ្វើដំណើរទៅកាន់ប្រទេសនេះផងដែរ។
គួរបញ្ជាក់ថា រុស្ស៊ីគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធយូរអង្វែងរបស់វេណេស៊ុយអេឡា ទាំងក្នុងវិស័យថាមពល យោធា និងនយោបាយ៕





