លោក ម៉ាឌូរ៉ូ ត្រូវបានបញ្ជូនទៅតុលាការអាមេរិក ដើម្បីប្រឈមមុខនឹងបទចោទជួញដូរគ្រឿងញៀន

05-01-2026 21:11

(ញូវយ៉ក)៖ មេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានបញ្ជូនទៅតុលាការទីក្រុងញូវយ៉កនៅថ្ងៃចន្ទនេះ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ខណៈដែលអង្គការសហប្រជាជាតិ (UN) គ្រោងនឹងជជែកដេញដោលអំពីភាពស្របច្បាប់នៃប្រតិបត្តិការចាប់ខ្លួននេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងប្រតិបត្តិការអន្តរាគមន៍ដ៏ធំបំផុត នៅអាមេរិកឡាទីនចាប់តាំងពីឆ្នាំ១៩៨៩ កងកម្លាំងពិសេសអាមេរិក បានសម្រុកចូលទីក្រុងការ៉ាកាស់តាមឧទ្ធម្ភាគចក្រ ទម្លុះរបាំងសន្តិសុខ និងចាប់ខ្លួនលោក ម៉ាឌូរ៉ូ នៅមុខបន្ទប់សុវត្ថិភាពរបស់លោក។ លោក និងភរិយា ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រពីមន្ទីរឃុំឃាំងនៅ Brooklyn ទៅកាន់តុលាការសហព័ន្ធ Manhattan ដើម្បីឡើងសវនាការ។

លោក ម៉ាឌូរ៉ូ វ័យ ៦៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រងបណ្តាញជួញដូរគ្រឿងញៀនកូកាអ៊ីន ដោយសហការជាមួយក្រុមឧក្រិដ្ឋជននៅម៉ិកស៊ិក និងកូឡុំប៊ី។ ទោះជាយ៉ាងណា លោកបានបដិសេធការចោទប្រកាន់ទាំងនេះ ដោយអះអាងថាវាគ្រាន់តែជាលេសរបស់ចក្រពត្តិនិយម ដើម្បីគ្រប់គ្រងធនធានប្រេងរបស់វេណេស៊ុយអេឡាប៉ុណ្ណោះ៕