លោក ដូណាល់ ត្រាំ អះអាងថាចំណូលរបស់អាមេរិកបានមកពីការប្រមូលពន្ធគយ នឹងលើស ៦០០ពាន់លានដុល្លារ (Video inside)

06-01-2026 09:35

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាចំណូលបានមកពីពន្ធគយដែលសហរដ្ឋអាមេរិកបាន និងកំពុងប្រមូលអាចនឹងលើស ៦០០ពាន់លានដុល្លារ ហើយពន្ធគយទាំងនេះនឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកកាន់តែរឹងមាំមិនធ្លាប់មានពីមុនមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃចន្ទ ទី៥ ខែមករា បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងទទួលបានប្រាក់ចំណូលពីការប្រមូលពន្ធគយ លើសពី ៦០០ពាន់លានដុល្លារ។ ប៉ុន្តែបណ្ដាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយចំនួនមិនបានចុះផ្សាយនោះទេ ពីព្រោះពួកគេស្អប់ និងមិនគោរពដល់ប្រទេសរបស់ពួកយើង ហើយចង់ជ្រៀតជ្រែកចូលក្នុងការសម្រេចចិត្តលើពន្ធគយក្នុងពេលខាងមុខ...»

លោក ត្រាំ បន្ថែមថាចំណូលពីការប្រមូលពន្ធគយខាងលើនឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកនឹងកាន់តែរឹងមាំ និងទទួលបានការគោរពមិនធ្លាប់មានពីមុនមក។

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ប្រាក់ចំណូលដុលសរុបបានមកពីការប្រមូលពន្ធគយនៅចន្លោះពីខែមករា ដល់ខែវិច្ឆិកា កាលពីឆ្នាំមុន មានចំនួន ២៣៦.២ពាន់លានដុល្លារ៕