CIA របស់អាមេរិក បញ្ចូលមន្ត្រីស្មោះស័្មគ្រនឹងរបបលោក ម៉ាឌូរ៉ូ ជាជម្រើសស័ក្តិសមដើម្បីដឹកនាំវ៉េណេស៊ុយអេឡា (Video inside)

06-01-2026 10:13

(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal កាលពីថ្ងៃចន្ទ ទី៥ ខែមករា បានរាយការណ៍ថារដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ចូលមនុស្សស្មោះស័្មគ្រ នឹងរបបដឹកនាំរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ទៅក្នុងបញ្ជីឈ្មោះអ្នកដែលស័ក្តិសមបន្តដឹកនាំវ៉េណេស៊ុយអេឡា។

Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីអាមេរិក២នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រី២រូបនេះបានប្រាប់ Wall Street Journal ផ្ដាច់មុខថា ការវាយតម្លៃជាសម្ងាត់មួយរបស់ CIA ដែលត្រូវបានធ្វើបទបង្ហាញជូនលោក ដូណាល់ ត្រាំ បានបញ្ចូលឈ្មោះមន្ត្រីជាន់ខ្ពស់មួយចំនួនដែលស្មោះស្ម័គ្រនឹងរបបដឹកនាំលោក ម៉ាឌូរ៉ូ ក្នុងនោះរួមមានអនុប្រធានាធិបតី និងជាប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez ជាជម្រើសរើសស័ក្តិសមបន្តដឹកនាំ និងរក្សាស្ថិរភាពនៅវ៉េណេស៊ុយអេឡា ប្រសិនបើលោក ម៉ាឌូរ៉ូ ត្រូវបានបណ្ដេញចេញពីអំណាច។

មន្ត្រីទាំង២ខាងលើបានឱ្យដឹងទៀតថាលោក ត្រាំ ក៏បានធ្វើបទបង្ហាញខ្លីៗអំពីការវាយតម្លៃរបស់ CIA ទៅកាន់ក្រុមមន្ត្រីជំនិតៗមួយចំនួនតូចរបស់លោកផងដែរ។ ការវាយតម្លៃនេះអាចជា ហេតុផលមួយបង្ហាញបានថាតើហេតុអ្វីបានជាលោក ត្រាំ សម្រេចចិត្តគាំទ្រលោកស្រី Delcy Rodriguez ជំនួសមេដឹកនាំគណបក្សប្រឆាំងរបស់វ៉េណេស៊ុយអេឡា លោកស្រី María Corina Machado។ ប៉ុន្តែខាងសេតវិមានមិនបានទទួលស្គាល់សេចក្ដីរាយការណ៍របស់ Wall Street Journal នោះទេ។

លោក ម៉ាឌូរ៉ូ និងភរិយារបស់លោកកាលពីថ្ងៃចន្ទ បានការពារខ្លួនឯង ដោយប្រាប់ចៅក្រមអាមេរិកថារូបលោកមិនបានធ្វើខុសនោះទេ ហើយថាលោកនៅតែជាប្រធានាធិបតីរបស់វ៉េណេស៊ុយអេឡា។ លោក ម៉ាឌូរ៉ូ និងភរិយា នឹងបន្តជាប់ឃុំនៅក្នុងពន្ធនាគារទីក្រុងញូវយ៉ក រហូតដល់មានសវនាការទី២ របស់លោកនៅថ្ងៃទី១៧ ខែមីនា ២០២៦៕