ក្រុមហ៊ុនប្រេងលំដាប់កំពូលរបស់អាមេរិក Chevron ហៅបុគ្គលិកសាខានៅវ៉េណេស៊ុយអេឡា ឱ្យចូលធ្វើការវិញ (Video inside)
06-01-2026 11:07
(Houston)៖ Chevron ដែលជាក្រុមហ៊ុនប្រេងអាមេរិកដ៏ធំតែមួយគត់ ដែលធ្វើប្រតិបត្តិការនៅវ៉េណេស៊ុយអេឡា កំពុងអំពាវនាវឱ្យបុគ្គលិកចូលធ្វើការវិញ នៅពេលដែលការនាំចេញប្រេងឆៅរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិកដំណើរការជាថ្មី ហើយក្រុមហ៊ុនព្យាយាមធានាថាការធ្វើប្រតិបត្តិការមានលក្ខណៈប្រក្រតី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ ២០២៦។
តាមប្រភពជិតស្និទ្ធនឹងក្រុមហ៊ុន បុគ្គលិកប្រហែល ២០នាក់នៃសាខានៅវ៉េណេស៊ុយអេឡា ដែលទៅក្រៅប្រទេសសម្រាប់ថ្ងៃឈប់សម្រាក ត្រូវបានប្រាប់ឱ្យចូលធ្វើការវិញ បន្ទាប់ពីជើងហោះហើរអន្តរជាតិបើកដំណើរការ។ ការដឹកជញ្ជូនទៅវ៉េណេស៊ុយអេឡា ត្រូវជាប់គាំងអស់មួយខែមកហើយ ចំពោះមុខការបង្កើនវត្តមានយោធាអាមេរិកនៅក្នុងតំបន់ ដែលឈានទៅដល់ការចាប់ខ្លួនមេដឹកនាំ លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា។ ទិន្នន័យដឹកជញ្ជូនបង្ហាញថា នាវាដឹកប្រេងជួលដោយក្រុមហ៊ុន Chevron ដឹកប្រេងឆៅរបស់វ៉េណេស៊ុយអេឡា ប្រហែល ៣០០ ០០០បារ៉ែលឆ្ពោះទៅឆ្នេរសមុទ្រអាមេរិក បានចេញដំណើរពីដែនទឹកនៃប្រទេស OPEC កាលពីថ្ងៃចន្ទ។
គួរបញ្ជាក់ថា Chevron ដែលមានមូលដ្ឋាននៅទីក្រុង Houston ទទួលបានការអនុញ្ញាតពីសហរដ្ឋអាមេរិក ដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេស និងនាំចេញប្រេងទោះបីជាមានទណ្ឌកម្ម ហើយជាក្រុមហ៊ុនតែមួយគត់ ដែលអាចដឹកជញ្ជូនប្រេងពីវ៉េណេស៊ុយអេឡាបាន ដោយស្ទើរតែគ្មានការរំខាន គិតចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសបិទខ្ទប់កាលពីខែមុន៕





