ប្រធានាធិបតីកូរ៉េខាងត្បូង ថតរូបសែលហ្វី ជាមួយលោក ស៉ី ជីនពីង ដោយប្រើទូរស័ព្ទ Xiaomi
06-01-2026 11:46
(ប៉េកាំង)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានថតរូបសែលហ្វី ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ដោយប្រើស្មាតហ្វូនដែលលោក ស៉ី បានជូនជាអំណោយដល់រូបលោក កាលពីជំនួបឆ្នាំមុន និងដែលកាលនោះ លោក ស៉ី ធ្លាប់និយាយលេងសើចថា ទូរស័ព្ទនេះអាចមានសមត្ថភាពធ្វើចារកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ ២០២៦។
លោក Lee បានបង្ហោះរូបសែលហ្វី ៣សន្លឹក ដែលថតជាមួយលោក ស៉ី និង និងភរិយារបស់អ្នកទាំងពីរ តាមបណ្តាញសង្គម X កាលពីថ្ងៃចន្ទអំឡុងទស្សនកិច្ចនៅប៉េកាំង ដោយភ្ជាប់មកនូវសំណេរយ៉ាងដូច្នេះថា «ថតសែលហ្វីជាមួយប្រធានាធិបតី ស៉ី ជីនពីង និងភរិយា ដោយទូរស័ព្ទ Xiaomi ដែលខ្ញុំបានទទួលជាអំណោយ កាលពីនៅ Gyeongju។ សូមអរគុណពួកគាត់ នេះជាឱកាសអស្ចារ្យសម្រាប់ខ្ញុំ»។ លោក Lee បានបន្ថែមថា «ខ្ញុំនឹងប្រាស្រ័យទាក់ទងគ្នាកាន់តែញឹកញាប់ ហើយសហការគ្នាកាន់តែជិតស្និទ្ធ តទៅមុខ»។
គួរបញ្ជាក់ថា ទូរស័ព្ទ Xiaomi បានបង្កើតជាចំណងជើងព្រឹត្តិការណ៍មួយ នៅក្នុងខែវិច្ឆិកា ពេលដែលលោក ស៉ី បាននិយាយលេងសើចទៅកាន់លោក Lee នៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសកូរ៉េខាងត្បូង៕







