សមាគមសារព័ត៌មានវ៉េណេស៊ុយអេឡា អះអាងពីការចាប់ឃុំខ្លួនអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ ក្រោយប្រតិបត្តិការចាប់ខ្លួនលោក ម៉ាឌូរ៉ូ តែក្រោយមកបានដោះលែងវិញ (Video inside)
06-01-2026 13:41
(ការ៉ាកាស)៖ សមាគមសារព័ត៌មាននៃប្រទេសវ៉េណេស៊ុយអេឡា បានឱ្យដឹងថា អ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃចន្ទសប្តាហ៍នេះ ពេលដែលពួកគេកំពុងរាយការណ៍ពីព្រឹត្តិការណ៍ ដែលបានកើតឡើងក្នុងទីក្រុងការ៉ាកាស រួមទាំងការជួបជុំដើម្បីអបអរដល់ការចាប់ខ្លួនមេដឹកនាំ លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយកងកម្លាំងអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ ២០២៦។
សមាគមសារព័ត៌មាន SNTP បានឱ្យដឹងថា អ្នកដែលត្រូវបានចាប់ខ្លួន ១១នាក់ ជាអ្នកធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងម្នាក់ធ្វើការឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិ។ ក្រោយមកពួកគេចំនួន ១៤នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ រួមទាំងអ្នកកាសែតជនជាតិបរទេសម្នាក់។
Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបានទេ ខណៈក្រសួងព័ត៌មានវ៉េណេស៊ុយអេឡា ក៏មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយដែរ៕







