បទអត្ថាធិប្បាយ៖ កញ្ចប់ Panda របស់ចិនជំរុញដល់កុមារកម្ពុជាឱ្យស្រលាញ់ការសិក្សា
06-01-2026 14:25
(ប៉េកាំង)៖ នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន ការយកចិត្តទុកដាក់លើវិស័យអប់រំ នៅតាមតំបន់ដាច់ស្រយាលបានក្លាយជាចំណុចអាទិភាពមួយ។ ក្នុងនោះ «កញ្ចប់ឃីតសាលារៀន Panda» ឬដែលគេស្គាល់ជាទូទៅថា កញ្ចប់ Panda បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ក្ដីសង្ឃឹម និងការលើកទឹកចិត្តដល់កុមារកម្ពុជា រាប់ម៉ឺននាក់នៅតាមជនបទ។
លោកបណ្ឌិតជា មុនី ឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានឱ្យដឹងថា កញ្ចប់ផេនដា (Panda Pack) ដែលជាគម្រោងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) ដោយផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ និងជាក់ស្តែងជាច្រើនដល់សិស្សានុសិស្សកម្ពុជា ទាំងការលើកទឹកចិត្តក្នុងវិស័យអប់រំ ទាំងការអភិវឌ្ឍធនធានមនុស្ស។
ក្នុងនាមជាអ្នកស្រាវជ្រាវ លោកបណ្ឌិតយល់ថា គម្រោងនេះ បាននិងកំពុងផ្តល់ផលប្រយោជន៍សំខាន់ៗរួមមាន៖ ១. គាំទ្រការសិក្សា និងរួមចំណែកកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារកញ្ចប់ផេនដាផ្តល់សម្ភារៈសិក្សាចាំបាច់ ដូចជា សៀវភៅ ប៊ិច ខ្មៅដៃ និងឧបករណ៍សិក្សាផ្សេងៗ ដែលជួយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ និងធានាឱ្យសិស្សានុសិស្សមានឧបករណ៍ គ្រប់គ្រាន់សម្រាប់រៀនសូត្រ។ ២. លើកកម្ពស់គុណភាព និងការចូលរួមកាន់តែសកម្មនៅក្នុងការសិក្សា ការទទួលបានសម្ភារៈសិក្សាពេញលេញ ជួយបង្កើនការចូលរៀនទៀងទាត់ ការផ្តោតអារម្មណ៍ក្នុងថ្នាក់ និងលទ្ធផលសិក្សារបស់ សិស្សានុសិស្ស ជាពិសេសនៅតំបន់ជនបទ និងតំបន់ជួបការលំបាក។ ៣. បណ្តុះស្មារតីចែករំលែក និងបង្កើនកម្លាំងជំរុញចិត្តសិស្ស កញ្ចប់ផេនដាជួយកាត់បន្ថយភាពខុសគ្នារវាងសិស្សក្រីក្រ និងសិស្សមានស្ថានភាពល្អ ដោយផ្តល់ឱកាសសិក្សា និងជួយបង្កើនទំនុកចិត្ត ក្តីសោមនស្ស និងកម្លាំងចិត្តក្នុងការបន្តសិក្សា បង្កើតចក្ខុវិស័យវិជ្ជមានចំពោះអនាគតដែលតាមរយៈនេះ កញ្ចប់ផេនដាបាននិងកំពុងជួយបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ជួយឱ្យសិស្សក្លាយជា ពលរដ្ឋមានចំណេះដឹង សីលធម៌ និងសមត្ថភាពវិទ្យាសាស្រ្តក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិស្របតាមយុគសម័យថ្មី និង៤. ពង្រឹងមិត្តភាពរវាងសង្គមស៊ីវិល និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា–ចិន
កញ្ចប់ផេនដាមានន័យជា និមិត្តរូបនៃមិត្តភាព ការចែករំលែក និងការគាំទ្រផ្នែកមនុស្សធម៌ ពីសង្គមស៊ីវិល និងមិត្តចិន ចូលរួមលើកកម្ពស់ការយល់ដឹងវប្បធម៌ និងទំនាក់ទំនងប្រជាជននិងប្រជាជនរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន។
លោកសៅ សុទ្ធីនាយកសាលាឋបមសិក្សាអង្គរោងស្ថិតនៅឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលធ្លាប់ទទួលបាន កញ្ចប់ផែនដា បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ចាប់តាំងពីទទួលបានកញ្ចប់ Panda Pack មក សិស្សានុសិស្សមាន ស្មារតីតស៊ូរៀនសូត្រកាន់តែខ្លាំង។ សកម្មភាពសប្បុរសធម៌នេះ គឺជាគំរូដ៏ល្អនៃការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ នៅតាមតំបន់ជនបទ។
លោកនាយកបញ្ជាក់ដូច្នេះថា៖ «ក្នុងនាមសាលាបឋមសិក្សាអង្គរោង លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្សទាំងអស់ សូមគោរពជូនពរដល់ម្ចាស់គម្រោង Panda Pack និងសប្បុរសជនទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ លោកគ្រួអ្នកគ្រូ សន្យានឹងបន្តជំរុញឱ្យសិស្សានុសិស្សប្រើប្រាស់សម្ភារៈទាំងនេះ ឱ្យអស់លទ្ធភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ ជាមួយគ្នានេះ សុំឱ្យម្ចាស់ជំនួយ បន្តជួយដល់សាលាយើងខ្ញុំថែមទៀតដើម្បីឱ្យសិស្សមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ និងមានទឹកចិត្តសប្បាយរីករាយ ក្នុងការសិក្សា។»
មាតាបិតាសិស្ស និងសហគមន៍មូលដ្ឋាន ក៏បានបង្ហាញនូវក្តីរីករាយ និងការគាំទ្រយ៉ាងខ្លាំងចំពោះ ជំនួយរបស់ចិន ព្រោះវាបាន ជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អាណាព្យាបាល។ នៅពេលសម្ភារគ្រប់គ្រាន់ កុមារលែងមានភាពអៀនខ្មាសជាមួយមិត្តភក្តិ និងលែងចង់បោះបង់ការសិក្សា។ ជាពិសេសពួកគាត់ ចាត់ទុកថា ជាជំនួយដ៏មានតម្លៃសម្រាប់គ្រួសារនៅជនបទ និងគ្រួសារដែលមានចំណូលទាប ហើយទាំងអស់គ្នាសុទ្ធតែបានយល់ស្របគ្នាថា ការទទួលបានកង់ និងសម្ភារសិក្សា នឹងជួយកូនៗរបស់ខ្លួនមានឱកាសរៀនសូត្របានល្អប្រសើរជាងមុន និងបន្តក្តីសុបិនរបស់ខ្លួនក្នុងការក្លាយជា កម្លាំងពលកម្មបញ្ញាញាណប្រកបដោយគុណភាពខ្ពស់ និងជាទំពាំងដ៏ប្រពៃសម្រាប់សង្គមកម្ពុជា។
គម្រោងកញ្ចប់ PANDA នេះត្រូវបានអនុវត្តដោយមានការសហការរវាងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) និងភាគីពាក់ព័ន្ធនៅកម្ពុជា ជាពិសេសក្រោមកិច្ចសហការនិងសម្របសម្រួល ពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។ វាឆ្លុះបញ្ចាំងពី ការបណ្ដុះគ្រាប់ពូជនៃមិត្តភាពនៅក្នុងបេះដូងកុមារតាំងពីតូច។ មិត្តចិនយល់ឃើញថា ការជួយកុមារនៅថ្ងៃនេះ គឺជាការជួយកសាងសសរទ្រូង នៃប្រទេសជាតិនៅថ្ងៃអនាគត។
ចាប់ពីឆ្នាំ២០១៨មកដល់បញ្ចប់ឆ្នាំ២០២៥ CFRD បានផ្តល់អំណោយកាតាប ចំនួនសរុប២០៣ ៩០០ កញ្ចប់។ កញ្ចប់ផេនដាត្រូវបានគាំទ្រដោយអង្គការសប្បុរសធម៌ Alibaba ដោយប្រមូលផ្តុំនូវថវិកាសប្បុរសធម៌របស់ប្រជាជនចិន រាប់លាននាក់។ កញ្ចប់នីមួយៗមានសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចំនួន៨៨មុខ ហើយការរចនាកញ្ចប់ឆ្លុះបញ្ចាំងពី លក្ខណៈវប្បធម៌របស់ប្រទេសចិន និងកម្ពុជា។ កញ្ចប់នេះវាមិនត្រឹមតែបំពេញតម្រូវការសិក្សា និងការរស់នៅរបស់កុមារប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់យ៉ាងខ្លាំងដល់ការផ្លាស់ប្តូរប្រជាជន ទៅប្រជាជនរវាងប្រទេសចិន និងកម្ពុជា។
ជារួម «កញ្ចប់ Panda» មិនត្រឹមតែបំពេញនូវកង្វះខាតសម្ភារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជា «ស្ពានចម្លង» ដែលជួយឱ្យកុមារជនបទមានឱកាសកាន់តែស្មើគ្នា ក្នុងការទទួលបានការអប់រំ។ ស្នាមញញឹមរបស់កុមារនៅពេលទទួលបានកាបូប Panda គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា សេចក្ដីសប្បុរសឆ្លងដែននេះ បាននិងកំពុងផ្លាស់ប្តូរអនាគតរបស់ពួកគេ ឱ្យកាន់តែភ្លឺស្វាង៕
វិទ្យុមិត្តភាពកម្ពុជាចិន




