កញ្ចប់ Panda រួមចំណែកពង្រឹងមិត្តភាពរវាងសង្គមស៊ីវិល និងបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា–ចិន
06-01-2026 14:28
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាជ្រោយសាគូរ៉ា បានរៀបចំព្រឹត្តិការណ៍ផ្តល់អំណោយកញ្ចប់ Panda Pack រួមមានកាតាបនិងសម្ភារសិក្សាដែលជាអំណោយរបស់មូលនិធិចិន CFRD តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនដល់សិស្សានុសិស្សចំនួន៥៦២នាក់ ដើម្បីលើកទឹកចិត្តដល់ការសិក្សា និងបង្កើនកម្លាំងចិត្តក្នុងការរៀនសូត្រ។
តំណាងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស៥៦២រូបនៃសាលាបឋមសិក្សាជ្រោយសាគូរ៉ា លោក គូ រចនា ប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌជ្រោយចង្វា បានជម្រាបថា កម្មវិធីនេះធ្វើឡើងក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយអត្ថន័យមនុស្សធម៌ ដែលសិស្សានុសិស្សទាំងអស់នៅក្នុងសាលាទទួលបានដោយស្មើភាពនូវកញ្ចប់ Panda រួមមានកាតាប សៀវភៅ ប៊ិច ខ្មៅដៃ និងសម្ភារសិក្សាចាំបាច់ផ្សេងៗជាច្រើនមុខ ដោយអំណោយនេះបាននិងរួមចំណែកយ៉ាងខ្លាំង ជួយសម្រួលដល់ការរៀនសូត្រប្រចាំថ្ងៃរបស់សិស្សានុសិស្ស។
តាមរយៈលោក កឹម ច័ន្ទធូ អនុប្រធាននាយកដ្ឋានផែនការ និងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានជួយសម្របសម្រួលជាមួយមូលនិធិចិនCFRDក្នុងការផ្តល់នូវអំណោយដ៏ថ្លៃថ្លានេះ។
លោក អ៊ូ ផឹង (Wu Peng) ប្រធាននាយកដ្ឋានអន្តរជាតិសម្រាប់ការអភិវឌ្ឍនៃCFRD បានបញ្ជាក់ថា កញ្ចប់ Panda មិនត្រឹមតែជាអំណោយសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាសារលើកទឹកចិត្ត និងការបង្ហាញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជនចិន និងប្រជាជនកម្ពុជា ក្នុងវិស័យអប់រំ និងការអភិវឌ្ឍសង្គម។
លោកក៏បានថ្លែងនូវអំណរគុណតាមរយៈលោក កឹម ច័ន្ទធូ ជូនឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ដែលតែងបានរួមចំណែកប្រកៀកស្មាជាប់ជានិច្ច ជាមួយមូលនិធិចិន CFRDក្នុងការលើកទឹកចិត្តដល់ការសិក្សារបស់ សិស្សានុសិស្សកម្ពុជា។ លោកក៏បានរំលេចថា អំណោយកញ្ចប់ Panda Pack ដែលជាការបរិច្ចាគរបស់ប្រជាជនចិន គឺជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌ និងការរួមចំណែករបស់សង្គមស៊ីវិលរបស់ប្រទេសចិន ដែលបាននិងកំពុងអនុវត្ត ជាបន្តបន្ទាប់នៅកម្ពុជា ដើម្បីប្រកៀកស្មាគ្នាជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចូលរួមលើកកម្ពស់គុណភាពអប់រំ បណ្តុះធនធានមនុស្ស និងពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រជាជននិងប្រជាជន កម្ពុជា–ចិន ឱ្យកាន់តែរឹងមាំ និងមានអនាគតរួមគ្នាប្រកបដោយស្នាមញញឹមនិងវិបុលភាព។
ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក កឹម ច័ន្ទធូ បានថ្លែងថា ការផ្តល់អំណោយកញ្ចប់ Panda តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនCFRD ចាប់តាំងពីឆ្នាំ២០១៨មក គឺជាការចូលរួមជាក់ស្តែងក្នុងការលើកកម្ពស់វិស័យអប់រំ និងការរួមចំណែកលើការវិនិយោគ បង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណធនធានមនុស្សកម្ពុជា ជាពិសេសបានរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយបន្ថយសម្រាលបន្ទុកចំណាយរបស់ក្រុមគ្រួសារសិស្សានុសិស្ស និងបង្កើនឱកាសសិក្សាកាន់តែប្រពៃ សម្រាប់កុមារកម្ពុជា។
លោកបានបន្ថែមថា មូលនិធិចិន CFRD និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នឹងបន្តរួមចំណែកកាន់តែសកម្មលើ ការសិក្សារបស់សិស្សានុសិស្ស ហើយបន្តរួមគ្នាបានចាត់ទុកកម្មវិធីនេះថា ជាកម្លាំងចិត្តដ៏សំខាន់ជួយរួមចំណែកឱ្យ សិស្សមានទំនុកចិត្ត និងឆន្ទៈក្នុងការបន្តការសិក្សាឱ្យកាន់តែប្រសើរ៕
វិទ្យុមិត្តភាពកម្ពុជាចិន














