ប្រទេសសម្ព័ន្ធមិត្តអ៊ុយក្រែន ជួបប្រជុំគ្នានៅប៉ារីស ដើម្បីសម្រេចលើការសន្យាធានាសន្តិសុខ (Video inside)

06-01-2026 15:01

(ប៉ារីស)៖ ប្រទេសជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានជួបគ្នាក្នុងទីក្រុងប៉ារីស នាថ្ងៃអង្គារ ទី៦ ខែមករា ដើម្បីរកលទ្ធភាពរួមចំណែក តាមតែអាចធ្វើទៅបាន ជុំវិញការធានាសន្តិសុខនាពេលអនាគត ក្នុងករណីទីក្រុងកៀវ សម្រេចបានបទឈប់បាញ់ជាមួយរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ក៏នឹងចូលប្រជុំជាមួយមេដឹកនាំច្រើនជាង ២៧នាក់ រួមទាំងអ្នកចរចាជាន់ខ្ពស់អាមេរិក Steve Witkoff និងលោក Jared Kushner ផងដែរ។ វាគឺជាកិច្ចខិតខំប្រឹងប្រែង ស្វែងរកគោលជំហររួមនៃអ៊ុយក្រែន អឺរ៉ុប និងអាមេរិក ដែលបន្ទាប់មកអាចបញ្ជូនទៅឱ្យរុស្ស៉ី។

យោងតាមលិខិតអញ្ជើញគណៈប្រតិភូចំនួន ៣៥ ដែល Reuters ទទួលបាន កិច្ចប្រជុំនេះនឹងផ្តោតលើការរួមចំណែក នូវកងកម្លាំងចម្រុះជាតិសាសន៍សម្រាប់អ៊ុយក្រែន ក្នុងករណីមានបទឈប់បាញ់ ការសម្របសម្រួលជាមួយអ៊ុយក្រែន និងដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ ម្ចាស់ផ្ទះ (បារាំង) មានបំណងឯកភាពលើការរួមចំណែកធានាសន្តិសុខ រួមទាំងការប្តេជ្ញាចិត្ត ប្រសិនបើអ៊ុយក្រែនរងការវាយប្រហារម្តងទៀត។ លិខិតដដែលនេះ ក៏បានស្នើឱ្យមានការយល់ព្រម លើជំហានបន្ទាប់ ដើម្បីបង្កើនការគាំទ្រអ៊ុយក្រែន និងសម្ពាធលើរុស្ស៉ី ប្រសិនបើទីក្រុងមូស្គូបដិសេធចូលចរចារដោយសម្រួល។

គួរបញ្ជាក់ថា ដំណើរការចរចារដើម្បីបញ្ចប់សង្រ្គាមជិត ៤ឆ្នាំ ត្រូវបាន​ពន្លឿន​តាំង​ពី​ខែ​វិច្ឆិកាមក ប៉ុន្តែមានសញ្ញាតិចតួចប៉ុណ្ណោះ ដែលរុស្ស៉ីថាសុខចិត្តទទួលយក ដោយបញ្ហាទឹកដីនៅតែជាឧបសគ្គសំខាន់ ហើយការប្រយុទ្ធគ្នារវាងភាគីទាំងពីរ ក៏គ្មានសញ្ញាថមថយនោះដែរ៕