ទឹកជំនន់នៅខេត្ត North Sulawesi ប្រទេសឥណ្ឌូណេស៉ី ផ្តាច់ជីវិតមនុស្ស ១៤នាក់ និងបាត់ខ្លួន ៤នាក់ (Video inside)
06-01-2026 15:41
(ហ្សាការតា)៖ យ៉ាងហោចណាស់មនុស្សចំនួន ១៤នាក់បានស្លាប់ បន្ទាប់ពីត្រូវទឹកជំនន់ភ្លាមៗកួចយកទៅ នៅក្នុងខេត្ត North Sulawesi ប្រទេសឥណ្ឌូណេស៉ី ហើយមន្រ្តីម្នាក់បានឱ្យដឹងថា ការស្វែងរកអ្នកបាត់ខ្លួនកំពុងបន្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ ២០២៦។
អ្នកនាំពាក្យទីភ្នាក់ងារជួយសង្រ្គោះក្នុងស្រុក បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃចន្ទ បង្កជាទឹកជំនន់ភ្លាមៗលើកោះ Siau នៃតំបន់ Siau Tagulandang Biaro។ ក្រុមសង្រ្គោះ ១៦នាក់ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកមនុស្ស ៤នាក់ដែលបាត់ខ្លួន មកទល់នឹងថ្ងៃអង្គារ។ ក្រៅពីនេះ ក៏មានមនុស្សចំនួន ១៨នាក់រងរបួស។
គិតមកដល់ថ្ងៃអង្គារ ផ្លូវធំៗក្នុងតំបន់រងគ្រោះ នៅតែគ្រប់ដណ្តប់ដោយដុំថ្ម កម្ទេចកម្ទី និងភក់កម្រាស់ក្រាស់។ លោក Abdul Muhari អ្នកនាំពាក្យនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា មនុស្ស ៤៤៤នាក់ ត្រូវជម្លៀសទៅកាន់សាលារៀនក្នុង និងព្រះវិហារនានា។ ទឹកជំនន់ បានបំផ្លាញផ្ទះរាប់រយខ្នង និងអគាររដ្ឋាភិបាល ក្នុងខេត្ត North Sulawesi៕






