អន្តរាគមន៍យោធាឬឈ្លានពាន? «ឡូហ្ស៊ីកចោរប្លន់» បែបអាមេរិក

06-01-2026 16:14

(ប៉េកាំង)៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានបើកការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា ហើយចាប់ខ្លួនប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា ។ អាមេរិកបានអះអាងថា នេះជា«អន្តរាគមន៍យោធា»ដើម្បីបង្ក្រាប «មេខ្លោងគ្រឿងញៀន»។ តើការបើកការវាយប្រហារដោយទ្រង់ទ្រាយធំ និងចាប់ខ្លួនមេដឹកនាំកំពុងកាន់អំណាចរបស់ ប្រទេសមួយបែបនេះគ្រាន់តែជា «អន្តរាគមន៍យោធា» ដូចការលើកឡើងរបស់អាមេរិកឬ? តើការធ្វើវិទ្ធង្សនារដ្ឋអំណាចស្របច្បាប់ នៃរដ្ឋអធិបតេយ្យមួយវាជា «រឿងប្រក្រតី» ឬយ៉ាងណា?

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា គ្រប់រដ្ឋអធិបតេយ្យទាំងអស់សុទ្ធតែមានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់អន្តរជាតិដែលចែង ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ដូច្នេះ គ្មានប្រទេសណាមួយដែលមានសិទ្ធិទៅផ្តួលរំលំ រដ្ឋអំណាចស្របច្បាប់និងគ្រប់គ្រងប្រទេសដទៃជាដាច់ខាត ទោះតាមទម្រង់ណាក្តី លើកលែងតែមានការសម្រេចចិត្តពី អង្គការសហប្រជាជាតិ ។ ប៉ុន្តែ និយាយចំពោះអាមេរិកវិញ ការ«ឈឺឆ្អាល»ចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ វាបានក្លាយទៅជាទម្លាប់ធម្មតារបស់ ប្រទេសមហាអំណាចមួយនេះទៅហើយ ។ អ្វីដែលជាការកត់សម្គាល់ គឺបន្ទាប់ពីប្រទេសណាមួយដែលត្រូវអាមេរិកធ្វើ «អន្តរាគមន៍យោធា» គេមិនដែលឃើញប្រទេសនោះទទួលបាន សន្តិភាពពេញលេញឬមានការអភិវឌ្ឍនោះទេ ពោលគឺស្ថិតក្នុងភាពកាន់តែច្របូកច្របល់ និងមានសេដ្ឋកិច្ចកាន់តែទន់ខ្សោយ ដោយសារសង្គ្រាមឈ្លានពាន។

ក្នុងនាមជាប្រទេសមហាអំណាច អាមេរិកបានបើកការវាយប្រហារលើប្រទេសដទៃ មិនតិចដងទេក្រោមលេសគ្រប់បែបយ៉ាង ពិសេសប្រទេសណាដែលមិន «សមស្របតាមផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់អាមេរិក»នឹងត្រូវប្រឈមនឹងការគំរាមកំហែង ពីការដាក់ទណ្ឌកម្មឬប្រតិបត្តិការយោធា ។ គេនៅចាំបានថា នៅឆ្នាំ ២០០១ អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានបើក ការវាយប្រហារប្រទេសអាហ្វហ្កានីស្ថានក្រោមមូលហេតុថា «រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្កានីស្ថាន មិនយល់ព្រមប្រគល់ខ្លួន មេភេរវករអាល់កៃដា បិនឡាដិន ឱ្យទៅអាមេរិក» ហើយបានគ្រប់គ្រងអាហ្វហ្កានីស្ថាន រហូតដល់ទៅ២០ ឆ្នាំ ។ ក៏ប៉ុន្តែ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដែលកងទ័ពឈរជើងចុងក្រោយរបស់អាមេរិកបានដកចេញពីអាហ្វហ្កានីស្ថាន ក៏ប្រជាជនអាហ្វហ្កានីស្ថានមិនបានស្គាល់ពីសន្តិភាពនិងការអភិវឌ្ឍដែរ។ ផ្ទុយទៅវិញ ប្រតិបត្តិការយោធារបស់អាមេរិក នៅអាហ្វហ្កានីស្ថាន បានបណ្តាលឱ្យជនស៊ីវិលចំនួន ៤៧២៤៥ នាក់ ព្រមទាំងយោធាចំនួន៦.៦ ម៉ឺននាក់ និងប៉ូលិសចំនួន៦.៩ ម៉ឺននាក់ដែលគ្មានពាក់ព័ន្ធនឹងភេរវកម្មត្រូវស្លាប់បាត់បង់ជីវិត ហើយមនុស្សជាង១០ លាននាក់ត្រូវនិរាសព្រាត់ប្រាស ។ កម្មវិធីស្បៀងសហប្រជាជាតិបានប្រកាសការព្រមានថា ប្រជាជនអាហ្វហ្កានីស្ថានប្រហែល៩៨% គ្មានអាហារបរិភោគគ្រប់គ្រាន់ ។

នៅខែមីនា ឆ្នាំ២០០៣ អាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិច បានបើកវាយប្រហារលើប្រទេសអ៊ីរ៉ាក់ ដោយសំអាងថាអ៊ីរ៉ាក់មាន «អាវុធប្រល័យលោក» បើទោះបីមានការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់សហគមន៍អន្តរជាតិ និងគ្មានការអនុញ្ញាតពី ក្រុមប្រឹក្សាសន្តិសុខក្តី ក៏ប្រតិបត្តិការយោធារបស់អាមេរិក បានឈ្លានពានអ៊ីរ៉ាក់យ៉ាងគឃ្លើន ។ ជនស៊ីវិលចន្លោះពី ២០ ម៉ឺនដល់២៥ ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពានលើកនេះ ហើយមកដល់បច្ចុប្បន្ននៅបន្សល់ទុកគ្រាប់មីនប្រមាណ២៥ លានគ្រាប់និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកនៅអ៊ីរ៉ាក់ ។ អាមេរិកមិនដែលគិតគូរពីការបង់តម្លៃ នៃការបំផុសសង្គ្រាមនោះទេ មានតែប្រជាជនអ៊ីរ៉ាក់ប៉ុណ្ណោះដែលដឹងថាខ្លួនត្រូវបង់តម្លៃធំប៉ុនណា ដោយសារសង្គ្រាមឈ្លានពានរបស់អាមេរិក។

នៅឆ្នាំ២០១១ សង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅប្រទេសស៊ីរី អាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចបានគាំទ្រយ៉ាងពេញទំហឹង ចំពោះកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល ដែលប៉ុនប៉ងផ្ទួលរំលំរដ្ឋាភិបាលស្របច្បាប់ ។ នៅខែកញ្ញា ឆ្នាំ២០១៤ អាមេរិកបានវាយប្រហារតាមដែនអាកាស លើអ៊ីរ៉ាក់ក្រោមមូលហេតុបង្ក្រាប «អង្គការរដ្ឋអ៊ិស្លាម» ហើយបានពង្រីកទ្រង់ទ្រាយ វាយប្រហារចូលដែនស៊ីរី និងបង្កើតមូលដ្ឋានទ័ពជាច្រើននៅក្នុងប្រទេសស៊ីរី ព្រមទាំងបានបើកការវាយប្រហារក្នុងប្រទេសស៊ីរី ជាច្រើនលើកក្រោយឆ្នាំ២០១៧ ក្រោមលេស «ទប់ស្កាត់កុំឱ្យរដ្ឋាភិបាលស៊ីរីប្រើអាវុធគីមី» ។ ប្រជាជនស៊ីរីជាច្រើនបាននិយាយថា អាមេរិកបានមកប្លន់យកធនធានរបស់ពួកយើង បង្កភាពចលាចលនិងការបំផ្លិចបំផ្លាញយ៉ាងគឃ្លើន ហើយបែរជាអះអាងថាខ្លួន ជាព្រះមកជួយសង្គ្រោះស៊ីរីទៅវិញ។

នេះគ្រាន់តែជាឧទាហរណ៍មួយផ្នែកតូច ដែលកើតឡើងជាក់ស្តែងក្រោមប្រតិបត្តិការយោធារបស់អាមេរិក ។ «អន្តរាគមន៍យោធា»បានក្លាយជាពាក្យយុទ្ធសាស្ត្រដែលអាមេរិក ប្រើសម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឬបង្កសង្គ្រាមឈ្លានពានចំពោះប្រទេសដទៃ ។ តួយ៉ាងដូចក្នុងករណីប្រទេសវ៉េណេស៊ុយអេឡាលើកនេះ អាមេរិកបានចោទប្រកាន់លោក នីកូឡាស់ ម៉ាឌូរ៉ូ ពីបទ«សមគំនិតភេរវកម្មគ្រឿងញៀន» ។ ប៉ុន្តែអ្វីដែលគេមើលឃើញជាក់ស្តែង គឺអាមេរិកបានប្រកាសគ្រប់គ្រង ប្រទេសវ៉េណេស៊ុយអេឡា ហើយត្រៀមបូមយកប្រេងបម្រុងរបស់ប្រទេសមួយនេះ ដែលជាគោលដៅពិតប្រាកដ នៃប្រតិបត្តិការយោធារបស់អាមេរិក។

ការប្លន់យកធនធានរបស់ប្រទេសដទៃ បន្ទាប់ពីប្រតិបត្តិការយោធាវាជាទម្លាប់ជាប្រចាំ របស់អាមេរិកទៅហើយ ។ ប្រតិបត្តិការយោធារបស់អាមេរិកដែលល្មើសយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិបាននាំឱ្យមានសំឡេងថ្កោលទោសដ៏ខ្លាំងក្លាពីសំណាក់សហគមន៍អន្តរជាតិនិងប្រជាជនក្នុងប្រទេសអាមេរិក និងបានលាតត្រដាងពីមុខមាត់ពិតនៃអនុត្តរភាពនិយម និងសកម្មភាព«ចោរប្លន់»របស់អាមេរិក។

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងថា «យើងមិនដែលសម្គាល់ឃើញថាប្រទេសណាមួយ អាចដើរតួជាប៉ូលិសអន្តរជាតិនោះទេ ហើយក៏មិនយល់ស្របថាប្រទេសណាមួយអាចតាំងខ្លួនជាចៅក្រមអន្តរជាតិនោះដែរ។» ជាការពិតណាស់ ប្រសិនជាលោក ម៉ាឌូរ៉ូ ជាប់សង្ស័យពីបទល្មើសណាមួយ វាជាបញ្ហាផ្ទៃក្នុងរបស់វ៉េណេស៊ុយអេឡា ដែលត្រូវដោះស្រាយដោយស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសមួយនេះ តែមិនមែនត្រូវដោះស្រាយដោយ អ្វីដែលហៅថា «អន្តរាគមន៍យោធា» របស់បរទេសនោះទេ ព្រោះវានឹងក្លាយជាគំរូដ៏អាក្រក់និងគ្រោះថ្នាក់បំផុត ដែលអាចនឹងកើតឡើង ម្តងហើយម្តងទៀត ។ ជាករណីជាក់ស្តែង លោក ត្រាំ ប្រធានាធិបតីអាមេរិកបានគំរាមក្រោយប្រតិបត្តិការយោធា នៅវ៉េណេស៊ុយអេឡាថា «យើងត្រូវការកោះ Greenland ជាដាច់ខាត» ដែលទោះបីជាដែនកោះនេះស្ថិតក្រោម ដែនអធិបតេយ្យរបស់ដាណឺម៉ាកក្តី ។ លើសពីនេះ លោកក៏បានគំរាមធ្វើប្រតិបត្តិការយោធាប្រឆាំងប្រទេសកូឡុំប៊ីផងដែរ ។ ទាំងនេះបានស្តែងពីចរិតអនុត្តរភាពសុទ្ធសាធ ដែលមានន័យថា «របស់ណាដែលអញត្រូវការ មិនថារបស់អ្នកដទៃក៏ដោយ ក៏អញត្រូវតែយកឱ្យបានជាដាច់ខាត»

ជារួម ប្រទេសនានាត្រូវការការគោរពគ្នា និងសមភាពដើម្បីរួមគ្នាកសាងនិងអភិវឌ្ឍពិភពលោក តែមិនមែនអនុត្តរភាពដែលជាន់ឈ្លី យ៉ាងគឃ្លើនចំពោះច្បាប់អន្តរជាតិនិងកម្មវត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនោះទេ ។ បើបណ្តែតបណ្តោយឱ្យអនុត្តរភាពនិយម រីកដុះដាលតាមតែទំនើងចិត្ត នោះពិភពលោកនឹងត្រូវធ្លាក់ចូល ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដែលពិបាកស្រោចស្រង់បានជាមិនខាន៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន