ប្រធានរដ្ឋចិនលោក Xi Jinping គូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់មិនងាករេនូវការអភិវឌ្ឍដោយផ្អែកលើនវានុវត្តន៍

06-01-2026 16:16

(ប៉េកាំង)៖ នវានុវត្តន៍ គឺជាកម្លាំងចលករអាទិភាពចម្បងសម្រាប់ការអភិវឌ្ឍ។ នៅឆ្នាំ ២០២៥ ប្រធានរដ្ឋចិនលោក Xi Jinping បានបំពេញទស្សនាកិច្ចនៅក្រុមហ៊ុននិងរោងច្រកជាច្រើន នៅតាមតំបន់នានានៃប្រទេសចិន ដើម្បីស្វែងយល់ពីស្ថានភាពអាជីវកម្ម ។ លោកបានផ្តល់អនុសាសន៍សំខាន់ៗមានដូចជា៖

“ ឧស្សាហកម្មផលិតកម្មគួរតែប្រកាន់ខ្ជាប់ នូវទិសដៅនៃការអភិវឌ្ឍកម្រិតខ្ពស់ ឆ្លាតវៃ និងបៃតង ហើយបន្តលើកកម្ពស់កម្រិតបច្ចេកវិទ្យា និងតម្លៃបន្ថែមនៃផលិតផលរបស់ខ្លួន។ “ “បញ្ញាសិប្បនិម្មិតគឺជាបុព្វហេតុងើបឡើងថ្មី និងជាបុព្វហេតុនៃយុវជន។”

“ឧស្សាហកម្មផលិតកម្មគឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ ហើយការជំរុញទំនើបកម្មតាមបែបផែនចិន ចាំបាច់ត្រូវរក្សាសមាមាត្រយ៉ាងសមហេតុផលនៃឧស្សាហកម្មផលិតកម្ម។ ឧស្សាហកម្មផលិតកម្មទំនើប មិនអាចឃ្លាតឆ្ងាយពីកម្លាំងចលករនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទេ ដូច្នេះ ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីពុះពារ ឧបសគ្គផ្នែកខាងបច្ចេកវិទ្យានានា ហើយត្រូវដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយនវានុវត្តន៍ និងស្វ័យភាព។”

“កាលពីអតីតកាល ការអភិវឌ្ឍឧស្សាហកម្មរបស់ចិនគឺពឹងផ្អែកលើដែកកេះ និងញញួរ។ សព្វថ្ងៃនេះ ប្រទេសចិនត្រូវលើកកម្ពស់កម្រិតឧស្សាហកម្មដោយផ្អែកលើបច្ចេកវិទ្យា និងឧបករណ៍ទំនើបៗ ។ មានឧស្សាហកម្មទំនើប ទើបប្រទេសជាតិមានការរីកចម្រើនថ្កុំថ្កើងរុងរឿង ។”

“ រៀបចំចាត់ចែងខ្សែសង្វាក់នវានុវត្តន៍ដោយភ្ជាប់យ៉ាងជិតស្និទ្ធជាមួយខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រឹងឋានៈស្នូលរបស់នវានុវត្តន៍នៃសហគ្រាស និង រៀបចំផែនការដើម្បីជំរុញការច្នៃប្រឌិតខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍ខាងឧស្សាហកម្ម»” ។ល។ ចាប់ផ្តើមពីការគូសវាសផែនការតាមបែបវិទ្យាសាស្ត្ររហូតដល់វិធានការអនុវត្តជាក់សែង លោកXi Jinping បានចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍនវានុវត្តន៍ និងផ្តល់ជាគោលការណ៍មូលដ្ឋាន។

ក្នុងអំឡុងពេលផែនការប្រាំឆ្នាំទី១៤ នវានុវត្តន៍ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិន បានសម្រេចការប្រែប្រួល ជាប្រវត្ថិសាស្ត្រ ដែលផ្តើមពី “ ដើរតាមគេ ដើរទទឹមគ្នា និងដើរមុនគេ។ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលបើកធ្វើនៅខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា ត្រូវជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ នូវការច្នៃប្រឌិតខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាមួយនឹងនវានុវត្តន៍ឧស្សាហកម្ម ជុំវិញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ប្រើបច្ចេកវិទ្យាខ្ពស់កាន់តែច្រើនឡើងៗ ដើម្បីផ្តល់ជាកម្លាំងចលករដល់ការកសាងទំនើបកម្មតាមបែបផែនចិន ។ លោកXi Jinping បានគូសបញ្ជាក់ថា ត្រូវជំរុញការប្រើប្រាស់លទ្ធផលបច្ចេកវិទ្យាថ្មី និងលើកកម្ពស់ឧស្សាហូបនីយកម្ម ហើយពូនជ្រំឧស្សាហកម្មថ្មី ដោយផ្អែកលើបច្ចេកវិទ្យាថ្មី ដើម្បីដឹកនាំការធ្វើបវិវត្តកម្មនៃឧស្សាហកម្ម។

យោងតាមផែនការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៦ និងរយៈពេលប្រាំឆ្នាំខាងមុខ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ នូវការជំរុញនវានុវត្តន៍ ខាងឧស្សាហកម្មតាមរយៈការច្នៃប្រឌិត ខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដោយស្វ័យភាព ដើម្បីជំរុញឱ្យការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ របស់ចិនឡើងដល់កម្រតិថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន