លោកស្រី Peng Liyuan ជួបសំណេះសំណាលជាមួយលោកស្រី Kim Hea Kyung ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង
06-01-2026 17:04
(ប៉េកាំង)៖ រសៀលថ្ងៃទី៥ ខែមករា លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសំណេះសំណាលជាមួយលោកស្រី Kim Hea Kyung ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្រុងប៉េកាំង ។
ថ្លែងក្នុងកិច្ចជំនួប លោកស្រី Peng Liyuan បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសនិងប្រទេស គឺឈរលើមូលដ្ឋាន នៃការរាប់អានគ្នារវាងប្រជាជននិងប្រជាជន ចិននិងកូរ៉េខាងត្បូងជាប្រទេសជិតខាង រំពឹងថាប្រជាជននៃប្រទេសទាំងពីរ នឹងឧស្សាហ៍ទៅមករកគ្នា ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។
លោកស្រី Peng Liyuan បានសម្តែងការកោតសរសើរចំពោះលោកស្រី Kim Hea Kyung ដែលបានខិតខំប្រឹងប្រែង ក្នុងការងារសប្បុរសធម៌ ហើយបានបំពេញការងារជាច្រើន ដើម្បីជំរុញការធានាសិទ្ធិនិងផលប្រយោជន៍របស់ស្រ្តីនិងកុមារ រំពឹងទុកថាភាគីទាំងពីរ អាចចែករំលែកបទពិសោធដ៏មានតម្លៃជាមួយគ្នា។
ជាការឆ្លើយតប លោកស្រី Kim Hea Kyung បានកោតសរសើរយ៉ាងខ្លាំងចំពោះលោកស្រី Peng Liyuan ដែលបានរួមចំណែកយ៉ាងសកម្មចំពោះការអភិវឌ្ឍកិច្ចការស្រ្តីនិងកុមារ ក្នុងរយៈពេលជាយូរកន្លងមក ព្រមទាំងបង្ហាញពីភាពរីករាយ ក្នុងការជំរុញយ៉ាងសកម្មឱ្យប្រជាជន នៃប្រទេសទាំងពីរកូរ៉េខាងត្បូងនិងចិនបង្កើនការផ្លាស់ប្តូរ ក៏ដូចជារួមចំណែកចំពោះការពង្រឹង និងពង្រីកចំណងមេត្រីភាពរវាងប្រទេសទាំងពីរផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន




