មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា ប្រកាសត្រឡប់ចូលស្រុកវិញ និងចង់បានការបោះឆ្នោត (Video inside)
06-01-2026 19:05
(វ៉ាស៊ីនតោន)៖ មេដឹកនាំបក្សប្រឆាំងសំខាន់របស់វេណេស៊ុយអេឡា លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ (Maria Corina Machado) បានប្តេជ្ញាថានឹងត្រឡប់ទៅប្រទេសកំណើតវិញឱ្យបានឆាប់បំផុត ដោយបានកោតសរសើរលោក ដូណាល់ ត្រាំ ចំពោះការទម្លាក់គូរប្រជែងរបស់ខ្លួន គឺលោក ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោកស្រី ម៉ាឆាដូ បានអះអាងថា «យើងជឿជាក់ថាការផ្លាស់ប្តូរនេះគួរតែបន្តទៅមុខ។ យើងធ្លាប់ឈ្នះការបោះឆ្នោត (កាលពីឆ្នាំ២០២៤) យ៉ាងភ្លូកទឹកភ្លូកដី...ហើយនៅក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ យើងនឹងឈ្នះជាង ៩០% នៃសន្លឹកឆ្នោត»។
លោកស្រី ម៉ាឆាដូ វ័យ ៥៨ឆ្នាំ ដែលបានគេចខ្លួនចេញពីប្រទេសកាលពីខែតុលា ដើម្បីទៅទទួលពានរង្វាន់ណូបែលសន្តិភាព បានបញ្ជាក់ថាលោកស្រីមិនបានជជែកជាមួយលោក ត្រាំ ទេចាប់តាំងពីពេលនោះមក។
ទោះជាយ៉ាងណា លោក ត្រាំ បានបង្ហាញទស្សនៈខុសគ្នា ដោយនិយាយថា សហរដ្ឋអាមេរិកត្រូវជួសជុលប្រទេសនេះជាមុនសិន។ លោកបានប្រាប់ NBC ថា «យើងត្រូវជួសជុលប្រទេសជាមុនសិន...វានឹងមិនមានការបោះឆ្នោតភ្លាមៗឡើយ» ដោយលោកចាត់ទុកកាលវិភាគបោះឆ្នោតក្នុងរយៈពេល ៣០ថ្ងៃថា ជារឿងមិនប្រាកដនិយម៕







